ឧបករណ៍អេឡិចត្រូនិកជាច្រើនគ្រឿងរួមនឹងម៉ូតូ ២គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកសហការជាមួយនឹងអាជ្ញាធរខណ្ឌ សង្កាត់ធ្វើការចុះបង្ក្រាប ដោយដកហូតបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌនិងអធិការនគរបាលខណ្ឌទួលគោក ខណៈដែលទីតាំងខាងលើ បានបើកល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញខុសច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០ នាទី នៅចំណុចផ្ទះលេខ២៤សេ ផ្លូវលេខ២២៣ ក្រុម ៤៦ភូមិ ១៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ូលិស និងអាជ្ញាធរបានទទួលព័ត៌មានថា ទីតាំងខាងលើ បានលួចលាក់បើកល្បែងភ្នាល់បាល់តាមអនឡាញ ទើបសមត្ថកិច្ចប៉ូលិស និងអាជ្ញាធរដែនដីសហការគ្នា ចុះបង្ក្រាបតែម្តង ដោយពេលចុះប្រតិបត្តិការនោះក្រុមប្រតិបត្តិការ បានឃើញបុគ្គលិក២នាក់ស្រីម្នាក់ ប្រុសម្នាក់អាយុប្រមាណ២០ឆ្នាំ បានរត់គេចខ្លួនតាមទ្វារក្រោយបាត់។
ក្រោយមកក្រុមការងារក៏បានត្រួតពិនិត្យរកឃើញមានវត្ថុតាងមួយចំនួន ក្នុងនោះ មានទូរទស្សន៍ចំនួន ៣គ្រឿងបម៉ាស៊ីនព្រីន ៥គ្រឿង ម៉ូនីទ័រចំនួន ១៦គ្រឿង ស៊ីភីយូចំនួន៨ គ្រឿង ម៉ាស៊ីនព្រីនឯកសារមួយគ្រឿង ឃីបតចំនួន ៦និងម៉ៅចំនួន៦ ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពមួយគ្រឿង ធុងបាសមួយគ្រឿង ទូរសព្ទដៃកូន៥គ្រឿងលុយខ្មែរនិងប្រាក់ដុល្លារមួយចំនួន ម៉ូតូចំនួន ២គ្រឿង។
ក្រោយបញ្ចប់ការងារនេះ ក្រុមការងារបានសម្រេចចាប់យកវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងទៅរក្សាទុកនៅសាលាខណ្ឌទួលគោកជាបណ្ដោះអាសន្ន។ ចំណែកម៉ូតូ ២គ្រឿង បានបញ្ជូនយកទៅរក្សាទុកនៅអធិការនគរបាល ខណ្ឌទួលគោក។ ដោយឡែកទីតាំងខាងលើ ត្រូវបានក្រុមប្រតិបត្តិការសម្រេចបិទឃ្លុំបេជាបណ្ដោះអាសន្ន៕
អត្ថបទ៖ កម្ពុជាថ្មី