ខ្មែរឥស្លាមម្នាក់ជាស្ត្រីមេម៉ាយចិញ្ចឹមកូនប្រុសអាយុ៣ឆ្នាំម្នាក់ឯងយ៉ាងក្រលំបាក រៀបរាប់ទាំងទឹកភ្នែកថា “ប័ណ្ណក្រីក្រ គ្មានតម្លៃសម្រាប់មន្ទីរពេទ្យកាល់ម៉ែត ទេ” ទោះបីសម្តេចតេជោ ហ៊ុន សែន ខិតខំធ្វើទំនើបកម្មមន្ទីរពេទ្យមួយនេះយ៉ាងណាក៏ដោយ ។ទឹកភ្នែករបស់ស្ត្រីតោកយ៉ាករូបនេះ បានស្រក់ចុះ ខណៈរៀបរាប់រឿងឈឺចាប់ មក CPC NEWS នៅរសៀលថ្ងៃទី១៤ ខែធ្នូ នេះ ដល់ទីស្នាក់ការការិយាល័យ CPC NEWS នាខណ្ឌឫស្សីកែវ ។
ទោះបីយ៉ាងណា ការលើកឡើងនេះ ត្រូវបានខាងមន្ទីរពេទ្យកាល់ម៉ែត ចេញមុខបដិសេធ ។
លោកស្រី ឡុក សាមាន ហៅសាលី បានមកដល់អង្គភាពសារព័ត៌មាន CPC NEWS ផ្ទាល់ ដើម្បីធ្វើការបកអាក្រាតជុំវិញករណីបុគ្គលិកពេទ្យ នៃមន្ទីពេទ្យកាល់ម៉ែត ដែលមិនបានយកចិត្តទុកដាក់ព្យាបាល និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើអ្នកជំងឺដែលកាន់ប័ណ្ណក្រីក្រ។
លោកស្រី បានថ្លែងថា អ្នកស្រីបានចូលសម្រាកនៅមន្ទីពេទ្យកាល់ម៉ែត ៣ដងមកហើយ ដោយលើកទី៣នេះលោកស្រីពិតជាមិនអាចទ្រាំនិងទង្វើ និងពាក្យសម្តីរបស់បុគ្គលិកពេទ្យ បានឡើងដោយអ្នកស្រីបានរៀបរាប់យ៉ាងដូច្នេះថា ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១០យប់ លោកស្រីមានអាការៈចុកទ្រូងខ្លាំង ក៏បានទៅមន្ទីពេទ្យកាល់ម៉ែត ។
ក្រោយបានដាក់សេរ៉ូមរួច អាការៈលោកស្រីក៏បានធូរស្រាលឡើងវិញ ប៉ុន្តែដៃលោកស្រីមានសភាពប៉ោងដក់ទឹក លោកស្រីក៏បានហៅអ្នកគ្រូពេទ្យម្នាក់មកមើល ប៉ុន្តែអ្នកគ្រូពេទ្យស្រីម្នាក់នោះបានមកចាប់ច្រប៉ាច់ដៃលោកស្រី ហើយនិយាយថាសេរ៉ូមមិនមានបញ្ហាទេ ខណៈដែលដៃលោកស្រីប៉ោងហើមហើយនោះ។
រហូតដល់ល្ងាចវេលាម៉ោង៦ល្ងាច អាការៈលោកស្រីមានសភាពធ្ងន់ធ្ងរ ដោយអ្នកជិតខាងដែលនៅក្បែនោះបានរត់ទៅហៅគ្រូពេទ្យ ប៉ុន្តែគ្រូពេទ្យបាននិយាយថា “ឃើញក្រោកទៅបន្ទប់ទឹករួច អ៊ីចឹងក្រោកមកបន្ទប់គ្រូពេទ្យតិចមក” ។
លោកស្រី ឡុក សាមាន ហៅសាលី ដែលបច្ចុប្បន្នដើរស៊ីឈ្នួលគេតាមផ្ទះ បន្តទៀតថា ដល់ពេលអាការៈលោកស្រីកាន់តែធ្ងន់ធ្ងរ គ្រូពេទ្យបាននាំលោកស្រីចូលមកខាងក្នុងអគារសង្គ្រោះ ពេលនោះលោកស្រីគិតថាគេប្រហែលយកអ្នកស្រីមកសង្គ្រោះហើយ ប៉ុន្តែផ្ទុយទៅវិញ គេគ្រាន់តែយកលោកស្រីមកដាក់នៅមុខបន្ទប់ទឹកចោលប៉ុណ្ណោះ។
នាពេលនោះលោកស្រីចុកទ្រូងខ្លាំងពេក ក៏ទាញអ្នកកំដរអ្នកជំងឺ ដែរក្បែរនោះឲ្យជួយរឹតទ្រូងអ្នកស្រីផង គេក៏មកជួយស្រាប់តែគ្រូពេទ្យម្នាក់ដេញគេចេញ និងនិយាយថា “កុំនៅជិត គ្មានអ្នកកំដរទេ កុំទៅប៉ះ” ។
រហូតដល់មានក្មេងប្រុសម្នាក់បានខ្សឹបសួរអ្នកស្រីថា “តើទូរស័ព្ទអ៊ុំនៅទីណា ខ្ញុំជួយតេហៅអ្នកស្គាល់ឲ្យមកជួយមើលអ៊ុំ” ព្រោះថាខណៈនោះ លោកស្រីមានអាការៈធ្ងន់ធ្ងរមិនអាចទាញទូរស័ព្ទខ្លួនឯងបាន។
ក្មេងប្រុសនោះក៏បានតេទៅជនជាតិអារ៉ាប់ម្នាក់ ។ ក្រោយមកទៀតក៏បានតេទៅឌុកទ័រ រ៉ាថុន ហើយក៏បានទំនាក់ទំនងទៅកាន់ទូរទស្សន៍មួយ ដែលលោកស្រីមិនចាំឈ្មោះ ស្រាប់តែគ្រូពេទ្យបានដកយកទូរស័ព្ទពីអ្នកស្រី ដោយសំអាងថានៅក្នុងមន្ទីពេទ្យមិនឲ្យថតទេ ហើយក៏អូសអ្នកស្រីចូលក្នុងបន្ទប់សង្គ្រោះ ប៉ុន្តែមានគ្រូពេទ្យប្រុសម្នាក់ បានបោះពាក្យសម្តីយ៉ាងធ្ងន់ធ្ងរថា “បើអ្នកជំងឺចូលមកស្លូតៗគេមើល ប៉ុន្តែបើអ្នកជំងឺចូលមកខាំគេខាំឯងគេមិនមើលឡើយ”។
ក្រោយមកជនជាតិអារ៉ាប់ដែលអ្នកស្រីតេហៅនោះ ក៏មកដល់ គ្រូពេទ្យក៏និយាយជាមួយជនជាតិអារ៉ាប់ថា អ្នកស្រីអត់មានឈឺអីទេ ហាក់បីថាអ្នកស្រីមាយាទៅវិញ ប៉ុន្តែជនជាតិអារ៉ាប់សុំនាំអ្នកស្រីចេញពីពេទ្យទៅព្យាបាលនៅវៀតណាម ដោយធានាចេញថ្លៃសេវាព្យាបាល ប៉ុន្តែពេទ្យមិនអនុញ្ញាតឲ្យចេញហើយបានដេញអារ៉ាប់នោះទៅវិញ។
ប៉ុន្តែលោកស្រីក៏សុំចេញទៅផ្ទះវិញព្រោះពេទ្យចេះតែថាតាមដាន ប៉ុន្តែទុកចោលមិនព្យាបាលដដែល ហើយគ្រូពេទ្យក៏បានឲ្យអ្នកស្រីសរសេរលិខិតសុំចេញ បើមានគ្រោះថ្នាក់តាមផ្លូវ ពេទ្យមិនទទួលខុសត្រូវឡើង ចុងក្រោយអ្នកស្រីព្រមសរសេរ ប៉ុន្តែបន្ថែមថា អ្នកស្រីចេញពីពេទ្យ ព្រោះពេទ្យថាអ្នកស្រីអត់ឈឺ ហើយអ្នកស្រីនិងថតទុកឲ្យអ្នកព័ត៌មានមើល។
លុះបានលឺអ្នកស្រីនិយាយបែបនេះ ប្រធានគ្រប់គ្រងនៅខាងសង្គ្រោះបន្ទាន់បានចេញមុខសុំទោសអ្នកស្រី ហើយបាននិយាយថា ប្រសិនបើអ្នកស្រីមានបញ្ហាសុខភាពនៅពេលណា ខាងមន្ទីពេទ្យរីករាយស្វាគមន៍។
ចុងក្រោយអ្នកស្រីបានសំណូមពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាពិនិត្យករណីនេះផង ខណៈដែលអ្នកស្រីមានជីវភាពខ្វះខាត ជាស្រ្តីមេម៉ាយត្រូវចិញ្ចឹមកូនប្រុសតូចដែលទើបមានអាយុ៣ឆ្នាំតែម្នាក់ឯង ។
ជុំវិញការលើកឡើងទាំងអស់នេះ ត្រូវបានខាងក្រុមការងារទំនាក់ទំនងសារធារណៈនៃមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ប្រាប់ CPC NEWS ថា ចំពោះការលើកឡើងនៅក្នុងវីដេអូផ្សាយនេះ មិនបានឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៃដំណើរប្រព្រឹត្តទៅ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ជំនាញពាក់ពន្ធ័ ក្នុងការស្វះស្វែងរកអោយបាននូវការអភិវឌ្ឍន៏ជានិរន្តរ៍ និងរក្សាបាននូវធនធានមនុស្សកម្រិតឯកទេសពហុជំនាញទាំងឡាយ ដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការសេវាសុខភាពសំរាប់អ្នកជំងឺយើងគ្រប់ករណី និងស្ថានភាពស្មុគ្រស្មាញនោះឡើយ។
ក្រុមការងារជំនាញ-ឯកទេស និងគ្រប់កម្រឹតដឹកនាំ សូមគោរពអញ្ជើញ ម្ចាស់ Page Facebook និងមតិសាធារណៈជនដែលលើកជាលក្ខណៈបុគ្គលខាងលើលោកមកទទួលព័ត៌មានលំអិតអំពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់ក្រុមការងារអំពីការផ្តល់ និងការប្រើប្រាស់សេវាថែទាំ និងព្យាបាលនៅមន្ទីរពេទ្យ គ្រប់ម៉ោងពេលការងារ។
ក្រុមការងារគ្រប់ជំនាញ ឯកទេស និងគ្រប់កម្រឹតដឹកនាំនៃមន្ទីរពេទ្យពិតជាមានក្តីរីករាយ និងសូមថ្លែងអំណរគុណម្តងហើយម្តងទៀតចំពោះការចូលរួម និងផ្តល់ការទុកចិត្តពីសាធារណៈជនមកមន្ទីរពេទ្យកន្លងមក នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ៕
អត្ថបទ៖ CPCnews