ឯកឧត្តម ត្រាន់ គួកជុង សមាជិគគណកម្មាធិការមជ្ឈឹមបក្ស និង ជាលេខាបក្សទីក្រុងកឹនថឺ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតក្នុងដំណើរទស្សកិច្ចនេះ ដែលនេះបង្ហាញឲ្យឃើញ ពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ នឹងបន្តទំនាក់ទំនងល្អរវាងប្រទេសទាំង២ ពិសេសនោះគឺការចងសម្ព័ន្ធភាពរវាង ខេត្តកំពង់ឆ្នាំង និង ទីក្រុងកឹនថឺ។
ឯកឧត្តមប្រធានប្រតិភូបានបញ្ជាក់ទៀតថា ចំពោះសំណើររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនោះ ខាងទីក្រុងកីនថឺបានឯកភាពតាមការស្នើសុំ របស់គណអភិបាលខេត្ត ក្នុងការផ្តល់អាហាររូបករណ៍ និង ការជួយហ្វឹកហាត់ដល់កីឡាករ កីឡាការនី ខេត្តកំពង់ឆ្នាំង នាពេលខាងមុខ។
ឯកឧត្តមត្រាន់ គួកជុងសមាជិគគណកម្មាធិការមជ្ឈឹមបក្សនិងជាលេខាបក្សទីក្រុងកីនថឺ បានសំដែងនូវការកោតសរសើរ ចំពោះកិច្ចអភិវឌ្ឍន៍របស់ខេត្តកំពង់ឆ្នាំង នាពេលបច្ចុប្បន្នដែលមានការអភិវឌ្ឍន៍ជឿនលឿបានយ៉ាងឆាប់រហ័ស ទាំងវិស័យសាធារណៈ និង វិស័យឯកជនផងដែរ ពិសេសនោះគឺសោភណ្ឌភាព បរិស្ថាន សណ្តាប់ធ្នាប់ នៅក្នុងក្រុងកំពង់ឆ្នាំង គឺមានភាពល្អប្រសើរឡើងគួរឲ្យកត់សម្គាល់ ។ ហើយនៅពេលខាងមុខ ខេត្តកំពង់ឆ្នាំង នឹង មានការអភិវឌ្ឍរីកចម្រើនថែមទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ទេសចរណ៍ ប្រកបដោយសក្តានុពល និង ចាប់អារម្មណ៍ពីសំណាក់វិនិយោគគិនអន្តរជាតិផងដែរ។