ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាលចំនួន ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យ ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ ចំពោះពាក្យសំដី ប្រព្រឹត្តទៅលើអ្នកជំងឺ ក្នុងនោះសូមកុំយកលុយជាធំ ត្រូវយកពលរដ្ឋជាធំ ដោយយកចិត្តទុកដាក់ ព្យាបាលពួកគាត់ជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យមន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវរួមសហការគ្នា ដោយមិនត្រូវដណ្តើម អ្នកជំងឺនោះទេ ហើយបើពេទ្យឯកជនទទួលយកអ្នកជំងឺទៅព្យាបាលត្រូវមើលឲ្យជា មិនមែនមើលមិនកើត ហើយបញ្ជូនទៅពេទ្យរដ្ឋហើយស្លាប់នៅទីនោះ ដែលនេះជាបន្ទុកដល់ពេទ្យរដ្ឋទៅវិញ។
សម្តេច ហ៊ុន សែន បានជំរុញអោយក្រសួងសុខាភិបាល មានការគ្របគ្រងគ្លីនិកឯកជន និងកន្លែងលក់ថ្នាំពេទ្យអោយត្រឹមត្រូវ។ ហើយសម្តេច ក៏ស្នើកុំឲ្យមានករណី មន្ទីរពេទ្យរដ្ឋ និងឯកជន ដណ្តើមអ្នកជំងឺគ្នាសម្តេច បានបញ្ជាក់យ៉ាងនេះថា៖«ជាក់ស្តែងកន្លងទៅនេះមានករណីខ្លះ មានជំងឺបានមកព្យាបាលនៅមន្ទីរពេទ្យឯកជន ហើយដល់ពេលដែលឯកជនព្យាបាលមិនជា ក៏បានបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យរដ្ឋ ហើយដោយសារអ្នកជំងឺកាន់តែធ្ងន់ធ្ងរពេកនោះក៏បណ្តាលអោយអ្នកជម្ងឺស្លាប់នៅមន្ទីរពេទ្យរដ្ឋតែម្តង ដែលពេលនោះក៏ចាប់ផ្តើមបន្ទោសដល់មន្ទីរពេទ្យរដ្ឋ»។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តច ហ៊ុន សែន បានស្នើសុំអោយមានការគោរពទៅលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យអោយបានត្រឹមត្រូវ ជាពិសេសកន្លែងលក់ថ្នាំពេទ្យក៏ដូច្នេះដែរ គឺត្រូវតែមានការយកចិត្តទុកដាក់អោយបានច្បាស់លាស់ ត្រូវមានច្បាប់ទំលាប់ត្រឹមត្រូវ និងលក់អោយត្រូវទៅតាមប្រភេទជម្ងឺ។ ប្រមុខរដ្ឋាភិបាល បានអំពាវនាវសារជាថ្មីទៀតអោយគ្រូពេទ្យទាំងអស់ត្រូវតែគោរពវិជ្ជាជីវៈពេទ្យ មិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ កុំយកលុយជាធំ គឺត្រូវយកការជួយសង្គ្រោះជាធំ ។