លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ រងការចោទប្រកាន់ បានបណ្តែតបណ្តោយអោយមានការជួលដីទៅជនជាតិវៀតណាមធ្វើស្រែប្រាំងរាប់ពាន់ហិកតា ផ្ទុយពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ប៉ុន្តែលោកអភិបាលស្រុកកោះណ្តែត បានបដិសេធ ការចោទប្រកាន់នេះ ។
មានការបែកធ្លាយរឿង ថា មានប្រជាជនវៀតណាមមកជួលដីខ្មែរ ធ្វើស្រែប្រាំងយ៉ាងគគ្រឹកគគ្រេង ផ្ទុយពីការណែរនាំរបស់រាជរដ្ឋាភិបាល ដែលហាមដាច់ខាតខេត្តដែលមានស្រុក នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលមានព្រំប្រទល់ជាប់គ្នានឹងប្រទេសវៀតណាម គឺ ហាមមិនឲ្យប្រជាជនខ្មែរជួលដីទៅឲ្យជនជាតិវៀតណាមធ្វើស្រែទ្បើយ។
ចាប់តាំងពីរដូវទឹកស្រកក្នុងឆ្នាំ២០១៩ នេះ ដីស្រែ ជាច្រើនពាន់ហិកតានៅស្រុកកោះអណ្តែត ខេត្តតាកែវ ត្រូវបានជនជាតិវៀតណាមពពាក់ពពួននាំគ្នាសម្រុកមកធ្វើស្រែប្រាំង ដោយមិនមានវិធានការទប់ស្កាត់ពីអាជ្ញាធរស្រុកនោះឡើយ ដែលសកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា ប្រាកដណាស់ជាមានការត្រូវរ៉ូវគ្នារវាងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ទើបមានករណីនេះឡើង។
ប្រភពច្បាស់ការណ៍មួយ ពីអ្នកដែលរស់នៅស្រុកកោះអណ្តែត ថ្លែងប្រាប់ CPC NEWS ថា មានបុគ្គលម្នាក់ដែលគេស្គាល់ថា ជាឪពុកបង្កើតលោកអធិការនគរបាលស្រុកកោះអណ្តែត ជាអ្នករត់ការធានាឲ្យជនជាវៀតណាមមកធ្វើស្រែក្នុងទឹកដីខ្លួនទាំងបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។
ប្រភពព័ត៌មានដដែលបន្តថា ទាំងលោកអធិការនគរបាលស្រុក និងលោកអភិបាលស្រុកកោះអណ្តែតសុទ្ធតែទទួលបានផលប្រយោជន៍ពីការជួលដីទៅឲ្យជនជាតិវៀតណាមធ្វើស្រែជាថ្នូរនឹងលាភសក្ការៈប្រាក់ម៉ឺនៗដុល្លារ ទាំងមិនញញើតច្បាប់ ព្រោះជាការកត់សម្គាល់ដីស្រែប្រាំងដែលជនជាតិវៀតណាមមកជួលសម្រាប់ធ្វើស្រែប្រាំងនោះភាគច្រើនជាដីរបស់ក្រុមមន្ត្រីរាជការ ក្នុងខេត្តតាកែវ និងដីសាធារ ណៈរបស់រដ្ឋ ។ ជាចុងក្រោយ ប្រជាពលរដ្ឋ នៅរង់ចាំមើលថា តើអាជ្ញាធរនឹងមានវិធានការបែបណា ចំពោះករណីនេះ ។
គួរបញ្ជាក់ថា កាលពី ខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញ សារាចរណែនាំទៅដល់គ្រប់ ក្រសួងស្ថាប័ន និង អាជ្ញាធរដែនដី ពាក់ព័ន្ធទាំងអស់ ហាមជួល ឬ លក់ដីស្រែ ចម្ការ ឬ លំនៅឋាន នៅ តាម ព្រំដែន ទៅ ឲ្យ ប្រជាពលរដ្ឋ នៃ ប្រទេសជិតខាង រួមទាំងតំបន់ មិនទាន់បានកំណត់ ខណ្ឌសីមានិង បោះបង្គោល ព្រំដែនផ្លូវការរួច។
រាជរដ្ឋាភិបាលបានលើកហេតុផល ថា ការជួលដីជាប់ព្រំដែន ឲ្យទៅប្រទេសជិតខាងនឹង បង្កភាពស្មុគស្មាញ ដល់ការអនុវត្តការងារ របស់គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែននិងមានការលំបាក ក្នុងការគ្រប់គ្រង។
ជុំវិញបញ្ហានេះ លោក គិន ភក្តី អភិបាលស្រុកកោះណ្តែត ថ្លែងប្រាប់ CPC NEWS តាមទូរស័ព្ទនៅថ្ងៃទី១៦ ខែធ្នូ នេះថា មុនលោកមកកាន់ជាអភិបាលស្រុកកោះអណ្តែត គឺ រឿងជួលដីឲ្យជនជាតិវៀតណាមធ្វើនេះពិតជាមាន តែមកដល់ពេលលោកមកកាន់ជាអភិបាលនេះ គឺមិនមានការជួលដីឲ្យជនជាតិវៀតណាមធ្វើស្រែទៀតនោះទេ គឺគ្រាន់តែបងប្អូនខ្មែរយើងម្ចាស់ស្រែគាត់ជា អ្នកជួលជំនាញវៀតណាម មកធ្វើឲ្យតែប៉ុណ្ណោះ ។
លោកអភិបាលស្រុកកោះអណ្តែត បន្តថា ប្រសិនបើមានការជួលដីស្រែឲ្យវៀតណាមធ្វើមែន លោកនឹងចាត់វិធានការ ចុះអនុវត្តជាចំហរតែម្តងមិនឲ្យកើតមាននៅក្នុងមូលដ្ឋានលោកគ្រប់គ្រងទ្បើយ ៕
អត្ថបទ៖ CPCnews