លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ប្រាប់ក្នុងអង្គប្រជុំមួយនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩នេះថា បន្ទាប់ពីមានបុរសជនជាតិបរទេសម្នាក់ដែលបានបង្ហោះវីដេអូមិនឱ្យភ្ញៀវបរទេសមកលេងនៅកម្ពុជា។នេះធ្វើឱ្យប៉ះពាល់កិត្តិយសនិងគោលដៅទេសចរណ៍កម្ពុជា។ក្រសួងទេសចរណ៍ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបើកកិច្ចប្រជុំមួយជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិងក្រុមមេធាវីដើម្បីរកវិធីចាត់ការចំពោះជនបរទេសដ៏គម្រក់ម្នាក់នោះ។
ក្រៅពីចាត់វិធានការលើជនបរទេសរូបនោះ ក្រសួងទេសចរណ៍គ្រោងនឹងដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនGoogleនិងក្រុមហ៊ុនFacebookដើម្បីស្នើសុំឱ្យលុបវិដេអូនោះចោល។លោកបានថ្លែងយ៉ាងដូច្នេះថា «ក្រសួងទេសចរណ៍បានសម្រេចស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបិទទិដ្ឋាការជនបរទេសរូបនោះមិនឱ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍តែម្តង។ដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឯកភាពតាមសំណើរបស់ក្រសួងហើយ។ មួយវិញទៀត ក្រសួងនឹងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Google និង Facebook ដើម្បីស្នើសុំឱ្យលុបវីដេអូដែលជនបរទេសរូបនោះបានបង្ហោះ។
លោកថោងខុនបានបញ្ជាក់ថា ចំពោះវីដេអូរបស់ជនបរទេសរូបនោះក្រសួងទេសចរណ៍នឹងរៀបចំសំណើទៅកាន់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដើម្បីចាត់ការលើជនបរទេសដ៏គម្រក់រូបនោះបន្ថែមទៀត»។លោកថា ការចាត់វិធានការលើជនបរទេសរូបនោះធ្វើឡើងស្របតាមច្បាប់ស្តីពីទេសចរណ៍ មាត្រា៥០និងមាត្រា៦៨ពាក់ព័ន្ធវិស័យទេសចរណ៍នៅកម្ពុជា។
ក្នុងនោះអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ដែលបានចូលរួមក្នុងកិច្ចប្រជុំក៏បានអះអាងថា ទង្វើរបស់ជនបរទេសរូបនោះគឺល្មើសច្បាប់របស់កម្ពុជាស្តីពីការគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត៍ផងដែរ។ដូច្នេះរាជរដ្ឋាភិបាលអាចនឹងចាត់វិធានការតាមផ្លូវច្បាប់និងបិទទិដ្ឋាការជនបរទេសរូបនោះមិនឱ្យចូលមកកម្ពុជាជាអចិន្ត្រៃយ៍។
កាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ដែលអះអាងថាជាជនជាតិអ៊ីរ៉ង់ រស់នៅប្រទេសហូឡង់ មានYouTubeឈ្មោះថា«JamesFT»បានថតវីដេអូនៅកន្លែងមួយចំនួនរបស់កម្ពុជាបង្ហោះក្នុងន័យបំភ័យភ្ញៀវទេសចរមិនឱ្យមកលេងកម្ពុជាដោយរូបគេក៏បាននិយាយក្នុងវីដេអូនោះពាក់ព័ន្ធនឹងកិតិ្តយសនិងគោលដៅទេសចរណ៍កម្ពុជា ។
បន្ទាប់ពីមានការបង្ហោះរួចមក ទាំងវិស័យឯកជនផ្នែកទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ បានប្រតិកម្មថ្កោលទោសចំពោះទង្វើដ៏គម្រក់នេះនិងស្នើឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនបរទេសរូបនោះផងដែរ៕
អត្ថបទ៖ រស្មីកម្ពុជា