សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំដល់មន្ត្រីរដ្ឋ បាលថ្នាក់ក្រោមជាតិទាំងអស់ ឱ្យប្រើប្រាស់ថវិកាជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
នៅថ្ងៃទី១៧ ខែធ្នូ នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានធ្វើពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងការអនុវត្តអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល ទៅ ឲ្យរដ្ឋបាលរាជធានី ខេត្ត
ដោយមានអ្នកចូលរួមសរុបប្រមាណជាង៨០០នាក់ ដែលជាតំណាងមកពី ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យ ឯកជន និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដែលក្នុងពិធីនេះ សម្តេច ស ខេង បានណែនាំយ៉ាងម៉ឺងម៉ាត់ទៅ កាន់មន្ត្រីរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវប្រើប្រាស់ថវិកាជាតិ ឱ្យត្រូវនឹងការ អភិវឌ្ឍនៅមូលដ្ឋាន ដើម្បីកាត់បន្ថយនូវអំពើពុករលួយឱ្យកាន់តែច្រើន។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានតាក់តែងឡើងនេះ គឺជារបៀបវារៈការងារ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់រយៈពេល១០ឆ្នាំ ក្នុងដំណើរការកំណែទម្រង់អភិបាលកិច្ច តាមបែបប្រជាធិបតេយ្យដ៏ទូលំទូលាយ និងស៊ីជម្រៅ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកំណែទម្រង់នេះ ក៏មានផលប៉ះពាល់មកលើស្ថាប័ននានា នៅថ្នាក់ជាតិផងដែរ។
ការរៀបចំឱ្យមានកម្មវិធីជាតិនេះ ក៏ជាការបញ្ជាក់អះអាងឡើងវិញនូវការប្តេជ្ញាចិត្ត ខាងនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះចក្ខុវិស័យនយោបាយ និងយុទ្ធសាស្ត្រ ដែលបានកំណត់រួចមកហើយ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្តេជ្ញា ចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តច្បាប់រៀបចំអង្គការ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់៕
អត្ថបទ៖ btv