លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានដកតំណែង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តកំពត មកបញ្ឈរជេីងនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បន្ទាប់ពីបែកធ្លាយ ប្រជាពលរដ្ឋប្ដឹងចូល ផេក សម្ដេចតេជោ ហ៊ុន សែន រឿង ការយឺតយ៉ាវក្នុងការធ្វេីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋឈ្មោះ ស្វាយ សាត់ រស់នៅភូមិ កោះខ្លូត ឃុំ កំពង់ត្រាចខាងកេីត ស្រុក កំពង់ត្រាច ខេត្ត កំពត បានស្នេីសុំធ្វេីប័ណ្ណកម្មសិទ្ធិដីធ្លីទំហំ ២៩៤ ម៉ែត្រការ៉េ ។ តែការស្នេីនេះបានអូសបន្លាយរាប់ឆ្នាំ មិនដោះស្រាយអោយ ប្រជាពលរដ្ឋ ធ្វើអោយ ប្រជាពលរដ្ឋ ប្ដឹងចូលផេកសម្ដេចតេជោ ។នៅព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ អភិបាលខេត្តកំពត បានដឹកនាំ ប្រជុំដោះស្រាយបញ្ចប់បញ្ហានេះ ដោយបានធ្វេីប័ណ្ណអោយប្រជាពលរដ្ឋតាមការស្នេីសុំ ។
សូមបញ្ជាក់ថា ថ្មីៗនេះ ពលរដ្ឋម្នាក់ឈ្មោះ ស្វាយ សាត់ បានប្តឹងចូលហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ព័ន្ធការស្នើសុំប័ណ្ណកម្មសិទ្ធិរាប់ឆ្នាំមិនបាន ។ ក្រោយរឿងរ៉ាវនេះ ផ្ទុះខ្លាំងក្លារួចមក ទើបឃើញ អាជ្ញាធរកំពតបានស្ទុះស្ទាដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស ។
នាព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ នៅសាលប្រជុំព្រះវិហាររបស់រដ្ឋបាលខេត្តកំពតមានកិច្ចប្រជុំដោះស្រាយបញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ ស្វាយ សាត់ ស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមការដឹកនាំដោយ លោកជាវ តាយ អភិបាលខេត្តកំពត និងមានការចូលរួមស្រាយបំភ្លឺពីលោកអភិបាលស្រុកកំពង់ត្រាច ប្រធានរៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសាម៉ីជនស្នើប័ណ្ណផងដែរ។
រដ្ឋបាលខេត្តកំពត ចេញផ្សាយថា យោងតាមការពិនិត្យរបាយការណ៍ជាក់ស្តែង ឃើញឈ្មោះស្វាយ សាត់ ពិតជាបានធ្វើការស្នើសុំប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ២៩៤ម៉ែត្រការ៉េ ជាយូរមកហើយ ដោយដីដែលស្នើសុំនេះមានទំនាស់កាលពីច្រើនឆ្នាំកន្លងមក ជាមួយភាគីជាប់ព្រំជាហេតុធ្វើឲ្យមានការបង្អាក់ដំណើរការចេញប័ណ្ណ។
ក្រោយពីបានទទួលពាក្យស្នើតាមរយៈផេកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ជាវ តាយ បានរៀបចំក្រុមការងារដឹកនាំផ្ទាល់ដើម្បីដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះឲ្យបានទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ដោយអញ្ជើញភាគីជាប់ព្រំទាំងពីរធ្វើការផ្សះផ្សារដោយនីតិវិធីចំពោះមុខអាជ្ញាធរពាក់ព័ន្ធ និងធ្វើការចេញប័ណ្ណកម្មសិទ្ធិ នៅរសៀលម៉ោង១៥រសៀលនេះជាកំហិត៕