ជាកំហុសដែលបានកើតឡើងជាដដែលៗ នៅក្នុងតំបន់វប្បធម៌បុរាណនៃទឹកដីអង្គរ ដែលទទួលរងនូវការរិះគន់ម្ដងហើយម្ដងទៀត ចំពោះករណី ដែលនៅតែមានភ្ញៀវទេសចរឡើងទៅថតរូបនៅលើថ្មប្រាសាទបុរាណ ដែលជាកន្លែងហាមឃាត់ និងហាមប៉ះពាល់ បាននឹងកំពុងរងការរិះគន់ជាថ្មី ថា ជាកំហុសធ្ងន់របស់ឆ្មាំអង្គរ។
ពីមហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញព័ត៌មានសង្គម Facebook ដែលបានឃើញរូបភាពមិនគួរគប្បីមួយចំនួនរបស់ភ្ញៀវទេសចរជនជាតិវៀតណាម ដែលបានឡើងជាន់លើថ្មរូបចម្លាក់ដ៏ល្អឯករបស់បុពបុរសខ្មែរពីសម័យដើម បានបន្សល់ទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយ បែរជាមិននាំគ្នាជួយថែរក្សា បែជាបណ្តោយឱ្យភ្ញៀវធ្វើសកម្មភាពតាមអំពើចិត្តទៅវិញ។
ចំពោះករណីនេះ មន្ត្រីអាជ្ញាធរអប្សារា ដែលមានតួនាទីទទួលខុសត្រូវធំចំពោះសម្បត្តិវប្បធម៌ជាតិមួយនេះ បានឆ្លើយតប និងបានធ្វើការរិះគន់ ដោយការហួសចិត្តទៅវិញ ចំពោះសាធារណៈជន ដែលបានឃើញរូបភាពអសីលធម៌របស់ភ្ញៀវទេសចរជនជាតិវៀតណាម តែមិនបានចូលឃាត់ ដោយគ្រាន់តែថតរូបផ្សព្វផ្សាយ។
លោក ឡុង កុសល្យ ដែលគេស្គាល់ថា ជាជំនួយការអាជ្ញាធម៌ជាតិអប្សារានោះ បានរិះគន់ធ្ងន់ៗចំពោះករណីនេះផងដែរ។ ក្នុងគណនី Facebook ផ្ទាល់ខ្លួន លោកបានរិះគន់ថា រឿងកំហុសគេឃើញធំ កំហុសខ្លួនឯងអត់ដឹងសោះ។ នេះគឺជារឿហួសចិត្ត ជាថ្មីម្ដងទៀត នៅរមណីយដ្ឋានអង្គរក្នុងរយៈពេល ១ឬ២ខែ មកនេះ។
លោក បានបន្តទៀតថា មានអ្នកឃើញគេប្រព្រឹត្តខុស តែមិនឃាត់ បែរជាថតរូបដើម្បីផ្សាយតាមហ្វេសប៊ុក។ បានឃើញគេឃាត់ហើយ តែមិនផ្សាយចេញទេ ព្រោះចិត្តចង់ផ្សាយចេញតែរូបភាពអវិជ្ជមាន។ សួរថា នេះជាភារកិច្ចផ្តាច់មុខរបស់អាជ្ញាធរជាតិអប្សរា? ចម្លើយប្រាកដណាស់ មិនមែនជាភារកិច្ចផ្តាច់មុខរបស់អាជ្ញាធរជាតិអប្សរាទេ។
លោក បន្តទៀតថា ប្រសិនបើយើងបានឃើញហើយ ជួយឃាត់ និងជួយទប់ស្កាត់ បើមិនអាចធ្វើបានទេ ក៏សូមជួយប្រាប់ភ្នាក់ងាររបស់អាជ្ញាធរជាតិអប្សរាក៏បានដែរ។ នេះបានហៅថា ឃើញក្របីស៊ីស្រូវ មិនដេញទេ តែស្រែកហៅគេឱ្យមកមើលក្របីស៊ីស្រូវ។ ការជួយថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ក៏ធ្លាប់មានភ្ញៀវទេសចរអឺរ៉ុបមួយចំនួន បានធ្វើសកម្មភាពឡើងជាន់លើថ្មប្រាសាទបុរាណដើម្បីបានថតរូប ដូចជាករណីជនជាតិវៀតណាមនេះផងដែរ ដែលទទួលរងនូវការរិះគន់ថា គ្រប់គ្រងភ្ញៀវទេសចរមិនបានល្អ និងបណ្តោយឱ្យភ្ញៀវធ្វើសកម្មភាពមិនគប្បីតាមតែអំចិត្ត៕
អត្ថបទ៖ clicknews