ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើលិខិតទៅកាន់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដោយបានជំទាស់ទៅនឹងការស្នើសុំពីសំណាក់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការរុះរើនូវសំណង់ស្ពានប្រវត្តិសាស្ត្រ ដែលកេរដំណែលបន្សល់ទុកពីសម័យអាណានិគមបារាំងក្នុងទឹកដីខេត្តបាត់ដំបង។
ក្នុងលិខិតដែលបានផ្សព្វផ្សាយនៅថ្ងៃទី ១៩ ខែធ្នូនេះ ក្រសួងវប្បធម៌ បានបញ្ជាក់ថា ស្ពាននេះ មានអាយុកាលជាង ១០០ឆ្នាំមកហើយ ដែលបានកសាងតាំងពីសម័យអាណានិគមនិយមបារាំង។ ដូច្នេះគួរតែរក្សាទុក និងធ្វើការជួសជុលឡើងវិញ ព្រោះកម្ពុជា នៅសល់តែស្ពានមួយគត់ដែលមានតម្លៃជាប្រវិត្តសាស្ត្រ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានស្ពាល់ពីស្ថាបត្យកម្មពីបុរាណមួយនេះ។
សូមបញ្ជាក់ថា ស្ពានថ្មចាស់ដែលសល់តាំងពីសម័យបារាំងមួយនេះ ស្ថិតនៅមុខសាលាខេត្តបាត់ដំបង ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាស្ពានឆ្លងកាត់ស្ទឹងសង្កែ ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩១៦ ដែលមានភាពស៊ីវិល័យ តាមរចនាបថបារាំង។ បច្ចុប្បន្នស្ពាននេះ មិនត្រូវបានអនុញ្ញាតឱ្យរថយន្ត រឺ ម៉ូតូឆ្លងកាត់ឡើយ ដោយសារភាពទ្រុឌទ្រោមរបស់ស្ពាន។
កាលពីអំឡុងឆ្នាំ២០០០ ស្ពាននេះ ក៏ធ្លាប់បានស្នើសុំរុះរើរួចម្ដងមកហើយ តែដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋ អ្នកប្រវត្តិសាស្ត្រមួយចំនួន និងស្ថានទូតបារាំងផងនោះ ស្ពាននេះត្រូវបានជួសជុលទុករហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ Clicknews