ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ១៣០គ្រួសារ ដែលមានទីតាំងស្ថិតនៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅមិនទាន់ត្រូវបានដោះស្រាយចប់សព្វគ្រប់ នៅឡើយទេ ខណៈការស្ថាបនាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ព្រះសីហនុដំណើរការ បានប្រមាណប្រាំពីរភាគរយហើយ។
ដីធ្លីដែលរងផលប៉ះពាល់ក្នុងចំណោមប្រជាពលរដ្ឋជាង ១០០គ្រួសារ គឺជាប្រភេទដីឡូត៍ទិញពី ក្រុមហ៊ុនឯកជនដែលមានប្លង់រឹង។បន្ទាប់ពីទិញដីធ្លីរួចរាល់ហើយដោយសារដីទាំងនោះស្ថិតក្នុង គម្រោងផ្លូវល្បឿនលឿន អាជ្ញាធរមូលដ្ឋានបានប្រាប់ពួកគាត់ កុំឲ្យសាងសង់ផ្ទះសម្បែង គឺត្រូវរង់ចាំអាជ្ញាធរដោះស្រាយ និងសងសំណងជូនជាមុន សិនដើម្បីបានទៅទិញដីកន្លែង ផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរងគ្រោះ បានអះអាងថាពួកគាត់នៅមិនទាន់ បានសំណងនៅឡើយទេ។
ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៥ ខែធ្នូក្រុមប្រជាពលរដ្ឋ ដែលមិនទាន់បានសំណង បានសំណូមពរយ៉ាងទទួចដល់ប្រមុខរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ដោះស្រាយផង ត្បិតពួកគាត់សព្វថ្ងៃមានអ្នកខ្លះ កំពុងជួលផ្ទះគេស្នាក់នៅបណ្តោះ អាសន្នតែប៉ុណ្ណោះ។ ពួកគាត់ ថែមទាំងសំណូមពរឲ្យរាជរដ្ឋាភិបាល មេត្តាសងសំណងតាមតម្លៃដីលើទីផ្សារដើម្បីឲ្យពួក គាត់អាចយកសំណងនោះ ទៅទិញដីកន្លែងផ្សេង ទៀត។
ប្រជាពលរដ្ឋឈ្មោះ តាំង ឡេងឆាយ បានថ្លែងថា «ធ្វើបង្កាន់ដី និងវាស់វែងអស់ហើយ ប៉ុន្តែការសងសំណងយូរ។អ៊ីចឹងងខ្ញុំចង់ឲ្យខាងរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគន៍ពន្លឿនការសង ដោយសារដីកាន់តែឡើងថ្លៃ ហើយប្រជាជនទិញដីហ្នឹង អ្នកខ្លះយកលុយធនាគារ។ ជួលផ្ទះផងនិងបង់ថ្លៃដីឡូត៍ផង គ្នាពិបាកណាស់ដោយសារគ្នា សង់ផ្ទះនៅក៏មិនបាន។
ពលរដ្ឋ ឈ្មោះ រ៉ា ណូ បានបង្ហាញការអស់សង្ឃឹមយ៉ាងខ្លាំងចំពោះសំណងដែលធ្លាប់អះអាង ពីអាជ្ញាធរមូលដ្ឋានថានឹងត្រូវដោះស្រាយជូននោះ។លោកបញ្ជាក់ថា បងប្អូន ដែលប៉ះពាល់ជាង ១០០គ្រួសារនេះ ចង់ដឹងពេលវេលាច្បាស់លាស់ ឲ្យពួកយើងបានដឹងផងដោយសារពួកយើង អត់ទាន់មានសង្ឃឹម វាយូរពេក។ ម្ខាងបង់លុយធនាគារ ម្ខាងជួលផ្ទះគេ។ ដល់ចឹងវារត់អត់រួច យើងមានកង្វល់ណាស់។
លោកស្រី ចន្ថន បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ដែលធ្លាប់សង្ឃឹមថា ក្រោយពីទិញដីហើយ បានធ្វើផ្ទះនៅ ប៉ុន្តែអ្វីៗត្រូវបានជាប់គាំង ដោយសារដីនេះស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿន។ លោកស្រីបញ្ជាក់ថា ពេលយើងទិញដី យើងសង្ឃឹមថាបានធ្វើផ្ទះនៅលើហ្នឹង ។ ដល់ពេល ឥឡូវធ្វើផ្លូវល្បឿនលឿនយើងគាំង។ យើងមិនអាចធ្វើផ្ទះបានទេ។ ទីមួយខ្ញុំសុំឲ្យសងសំណង បានលឿន និងទីពីរ សូមសងក្នុងតម្លៃទីផ្សារបច្ចុប្បន្ន។
លោក ឡេង ធឿន គឺជាប្រជាពលរដ្ឋម្នាក់ ដែលបានដាក់ប្លង់ដីនៅឯស្រុកកំណើតយកទៅខ្ចី លុយធនាគារ ក្នុងគោលបំណងទិញដី និងសង់ផ្ទះរស់នៅ។ ប្រជាពលរដ្ឋ ដែលបានទិញដី និងសាងសង់ផ្ទះទៅហើយនោះ បានសម្តែងការបារម្ភយ៉ាងខ្លាំងដោយសារដឹងថាផ្ទះខ្លួននឹងត្រូវ វាយចោលវិញ។ ក្នុងដៃមានឯកសារខ្ចីលុយធនាគារផងនោះ លោក ឡេង ធឿន បានបញ្ជាក់ថា បើសិនជាផ្ទះត្រូវឈូស មានតែយើងទៅនៅផ្ទះជួលបណ្តោះអាសន្ន។ កាលខ្ញុំទិញដី ខ្ញុំបាន ដាក់ប្លង់ផ្ទះនៅស្រុក៕
អត្ថបទ៖ រស្មីកម្ពុជា