អាជ្ញាធរថៃបានដាក់មេក្រូ ប្រកាសឮសូរាប់គីឡូដី នៅមាត់ច្រកព្រំដែនម៉ាឡៃចូលមកទឹកដីខ្មែរហាម ប្រជាពលរដ្ឋខ្មែរនាំចូលជ្រូកមានជីវិត និងផលិតផលធ្វើពីសាច់ជ្រូកគ្រប់ប្រភេទ ពីខ្មែរសូម្បីតែផ្អក ប្រហុកក៏មិនបានឲ្យយកចូលដែរបើចាប់បានត្រូវជាប់គុកជាច្រើនឆ្នាំ និងធ្វើការផាកពិន័យ២ម៉ឺនបាតទៀត តែចំពោះការនាំចូលទំនិញពីប្រទេសថៃមកខ្មែរវិញ គឺម៉ាសេរីមានដូចជាសត្វជ្រូក
គ្រឿងក្នុងជ្រូកខូចគុណភាព និងគោរួមទាំងសាច់ពីប្រទេសថៃ រាប់រយក្បាល និងរាប់សិបតោនក្នុង១ថ្ងៃៗចូលតាមច្រករបៀងជិត៥០កន្លែង យកមកលក់ពេញទាំងស្រុកខ្មែរ ពេលខ្លះសមត្ថកិច្ចចាប់បានគ្រាន់តែយកទៅដុតចោល ជាការស្រាចដោយគ្មានប្រកាសធ្វើការហាមឃាត់ដូចភាគីថៃឡើយ។
ការនាំទំនិញខូចគុណភាពទាំងមានគុណភាពនៅតែធ្វើឲ្យប្រជាពលរដ្ឋយកទៅបរិភោគមានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងការមានជម្ងឺផ្សេងៗតែជាសមិនផុតចេះតែទិញយកទៅហូបទាំងស្មានៗទៅ។ តាមការអះអាងរបស់អ្នករកស៊ីចេញចូលតំបន់ព្រំដែនខ្មែរ ថៃ បាននិយាយថា ក្នុងការដាក់មេក្រូប្រកាសរបស់ភាគីថៃនោះ បានជូនដំណឹងឲ្យបងប្អូនខ្មែរចេញ ចូលប្រទេសថៃហាមនាំចូលសាច់ជ្រូកគ្រប់មុខដូចជា ណែម សាច់ក្រក ប្រហិត ឬសាច់ប្រឡាក់យកចូលប្រទេសថៃជាដាច់ខាត បើគេត្រួតពិនិត្យរកឃើញសាច់ហាមឃាត់ខាងលើ គេនឹងចាប់ដាក់គុកចំនួន២ឆ្នាំ និងពិន័យជាប្រាក់២ម៉ឺនបាតដើម្បីជៀសវាងការឆ្លងមេរោគអហ៊ីវ៉ាអាភិកានៅក្នុងសាច់ជ្រូករបស់ខ្មែរនាំចូលមកស្រុកថៃ។
ការប្រការបស់ថៃនេះធ្វើឲ្យខ្មែរដែលធ្លាប់នាំទំនិញយកទៅលក់នៅថៃបានធ្វើការរិះគន់និងប្រតិកម្មថា កាហាមបំរាមរបស់ថៃនេះមិនស្មើរភាពគ្នាសោះ ព្រោះថៃបាននាំសត្វជ្រូក និងសាច់ជ្រូកគ្រឿងក្នុងជ្រូកដឹកនាំចូលមកខ្មែរតាមច្រកអន្តរជាតិ និងច្រករបៀង១ថ្ងៃៗរាប់រយក្បាល និងរាប់សិបតោន ហើយពេលខ្លះមាននាំចូល ទាំងសាច់គ្មានគុណភាពថែមទៀត បែរជាខ្មែរឲ្យនាំចូលដឹកយកមកលក់ ក្នុងស្រុកខ្លួនដោយសេរីមិនខ្លាចឆ្លងជំងឺដូចភាគីថៃសោះ។
បើតាមការអះអាងរបស់សមត្ថកិច្ច បានឲ្យដឹងថាការនាំចូលជ្រូកមានជីវិត គ្រឿងក្នុងជ្រូក និងផលិតផលពីសាច់ជ្រូកគ្រប់ប្រភេទទាំងមានគុណភាពនិងអត់គុណភាពនេះគឺបានធ្វើការហាមឃាត់ដែរ តែឃាត់មិនជាប់ ព្រោះឈ្មួញមានកល់ល្បិចគ្រប់ស្នៀត ក្នុងការនាំជ្រូករស់ ជ្រូក ធ្វើហើយ គ្រឿងក្នុង និងផលិតផលធ្វើពីជ្រូករបស់ប្រទេសថៃចូលមកស្រុកខ្មែរបានយ៉ាងងាយតែសមត្ថកិច្ចនៅតែព្យាយាមធ្វើការបង្ក្រាបដូចភ្លៀងរលឹម៕
អត្ថបទ៖ កម្ពុជាថ្មី