នៅព្រឹកថ្ងៃទី២០ ខែធ្នូ នេះ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេសម្នាក់ ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ករណីលួចឆ្លងដែន-ស្នាក់នៅខុសច្បាប់ វេលាម៉ោង ៨៖៣០នាទីព្រឹក។
ជនបរទេសនេះ ឈ្មោះ LAI DUCDIEP ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ វៀតណាម គ្មានលិខិតឆ្លងដែន និងបានចូលមកកម្ពុជា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ តាមច្រកជ្រៃធំ ដោយពុំមានឯកសារឆ្លងដែន ក្នុងគោលបំណងធ្វើដំណើរទេសចរណ៍។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ជនជាតិវៀតណាមនេះបានជិះម៉ូតូ ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបន្តដំណើរមកដល់ចំណុចភូមិសរស្តម្ភ ឃុំសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នាវេលាម៉ោង ២១៖៣០នាទីយប់ កាលពីថ្ងៃទី១៩ ខែធ្នូ ម្សិលមិញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សួរនាំក្នុងពេលដែលខ្លួន ចូលសុំផ្ទះប្រជាពលរដ្ឋស្នាក់នៅ។
បច្ចុប្បន្ន ជនជាតិវៀតណាមរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ទីស្នាក់ការត្រៀមបណ្តេញចេញ ប្រចាំខេត្តសៀមរាប ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីនៃច្បាប់៕
អត្ថបទ៖ CPCnews