មួយរយៈពេលចុងក្រោយនេះ សកម្មភាពចោរគាស់ផ្ទះអតីតស្នងការ ផ្ទះមេប៉ុស្តិ៍ អគារសាខាពន្ធដារខេត្ត និង រោងចក្រ ជាដើម កំពុងបង្កជាការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តតាកែវ ។
ប្រជាពលរដ្ឋ សំណូមពរអោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាពិនិត្យករណីទាំងអស់នេះ ដើម្បីអោយប្រជាពលរដ្ឋ រស់នៅដោយមានសេចក្តីសុខផ្លូវចិត្តផង ។
ជុំវិញបញ្ហានេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងក្នុងកិច្ចប្រជុំ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ កាលពីថ្ងៃទី២០ ខែធ្នូ ម្សិលមិញនេះ ដោយបានបញ្ជាអោយអាជ្ញាធរ ជាពិសេសសមត្ថកិច្ចជំនាញ ត្រូវស្រាវជ្រាវនិងពិនិត្យមើលបញ្ហានេះឡើងវិញ ព្រោះករណីចោរគាស់ផ្ទះនេះ កំពុងតែមានការកើនឡើង គួរឲ្យកត់សម្គាល់នៅក្នុងខេត្តតាកែវ។
លោកអភិបាលខេត្តតាកែវថ្លែងថា “សូម្បីតែផ្ទះអតីតស្នងការ មេប៉ុស្តិ៍និងសាខារពន្ធដាខេត្ត រោងចក្រ ក៏ក្រុមចោរ ហ៊ានចូលគាស់ដែរ ដូច្នោះបញ្ហាសន្តិសុខ សមត្ថកិច្ចនគរបាលបាលនិងអាវុធហត្ថ ត្រូវស្រាវជ្រាវនិងចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ ដើម្បីកុំឲ្យបញ្ហានេះកើតឡើងបន្តទៀត”។
ជាមួយគ្នានេះ លោកអភិបាលខេត្តតាកែវ ក៏បានស្នើឲ្យប្រធានមន្ទីរ ស្ថាប័នទាំងអស់នៅក្នុងខេត្ត បំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមអង្គភាពរបស់ខ្លួន ឲ្យបានគ្រប់គ្នាៗ ហើយសាលាខេត្ត នឹងបំពាក់កាមេរ៉ាសុវត្ថិភាពមុនគេ ដើម្បីធ្វើជាគំរូផងដែរ៕
អត្ថបទ៖ CPCnews