ក្នុងឱកាសអញ្ជើញជាអធិបតីបើកព្រឹត្តការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ ខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបញ្ជាដាច់ណាត់ថា យើងត្រូវរក្សាឱ្យបាននូវសមុទ្រស្អាត សមុទ្របៃតង ហើយត្រូវយកចិត្តទុកដាក់ការពារតំបន់ឆ្នេរ រក្សាសិទ្ធជាឆ្នេរស្អាតបំផុតលើសកលលោក ជាពិសេសគឺហាមដាច់ខាតមានការចាក់ដីយកឆ្នេរសមុទ្រដាច់ខាត។
ក្នុងឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបញ្ជាបន្ទាន់ឱ្យ ឯកឧត្តម ជា សុផារ៉ា និងអភិបាលខេត្តកោះកុង ត្រូវយកចិត្តទុកដាក់ករណីចាក់ដីយកឆ្នេរសមុទ្រ ដោយសម្តេចតេជោ ទទួលបានព័ត៌មានថា មានមន្ត្រីយោធាដែលមានបុណ្យស័ក្ក កំពុងល្មើសច្បាប់ចាក់ដីលុបឆ្នេរ ដើម្បីយកដីធ្វើកម្មសិទ្ធិ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បង្ហើបយ៉ាងដូច្នេះថា « អ្នកដែលពាក់ព័ន្ធរឿងចាក់ដីចូលសមុទ្រនៅខេត្តកោះកុង គឺជាមន្ដ្រីយោធា បើសិនដូច្នោះមិនប្រហែលសម្ដេចមិនទុកឲ្យមានឈ្មោះជាយោធាទៀតនោះឡើយ»។
ស្របគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ភារកិច្ចទទួលខុសត្រូវតំបន់ឆ្នេរ ជាភារកិច្ចរបស់គណៈអភិបាលខេត្តនីមួយៗ ដែលត្រូវមើលឲ្យដិតដល់ ហើយក្រៅពីទប់ស្កាត់ការចាក់ដីលុបឆ្នេរយកដី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រប់ភាគីពាក់ពន្ធ័ត្រូវធានាថា ឆ្នេរសមុទ្រកម្ពុជា នឹងមិនត្រូវបានបំផ្លាញដោយទឹកស្អុយ ឬ ការកាប់ព្រៃកោងកាង ដើម្បីទន្ទ្រានយកដីនោះទេ៕
អត្ថបទ៖ swiftnews