ការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០១៩នេះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ តម្លាភាព គ្មានការសូកប៉ាន់ ឬរត់ការដើម្បីជាប់ឡើយ “អ្នកចេះ គឺ ជាប់” ។
នេះជាប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។
លោក ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំជឿជនឱកាសនិយមណាម្នាក់ដែលបានអះអាងថាសិស្សអាចសូកប៉ាក់ដើម្បីជាប់ឱ្យសោះ សូមប្រយ័ត្នចាញ់បោកគេ ។
លោកបានធ្វើការផ្ដាំផ្ញើដល់បេក្ខជន-បេក្ខនារី ធ្វើយ៉ាងណាប្រឹងប្រែងខិតខំយកចិត្តទុកដាក់ក្នុងការប្រឡងសំណេរ និងបន្តប្រឡងវិញ្ញាសារកាយសម្បទា អោយទទួលបានជោគជ័យផងដែរ ៕