បុរស២នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួស ខណៈជិះរថយន្តជ្រុលបុក គម្របលូបណ្ដាលក្រឡាប់ជាច្រើនជុំ កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យទី ២២ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខបុរី ឡុងនី តាមបណ្ដោយផ្លូវព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះទាំង៣ នៅមិនទាន់បានស្គាល់ អត្តសញ្ញាណនោះទេ ជិះរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ2AY-6784 ។
តាមសម្ដីសន្តិសុខម្នាក់ ដែលយាមកាមនៅមុខបុរីឡុងនី បានប្រាប់ BBN ថា ដំបូងឡើយ គេឃើញម៉ូតូរឺម៉កអេតចាយជិះតាមបណ្ដោយផ្លូវព្រៃស ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងដៃ មិនប្រយ័ត្នត្រូវបានរថយន្តព្រូស បើកតាមបណ្ដោយផ្លូវ ព្រៃសទិសដៅពីកើត ទៅលិចបញ្ច្រាស់ទិសគ្នា ក៏វ៉ាក់អឺ បួងចង្កូតមកឆ្វេងដៃ ជ្រុលទៅបុកគម្របលូ បណ្ដាលឱ្យក្រឡាប់ជាច្រើនជុំ ខ្ទាតមនុស្ស២នាក់ចេញមកក្រៅស្លាប់ និងម្នាក់ទៀតរងរបួសស្រាល ចេញពីកន្លែងកើតហេតុបាត់ ។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមកវាស់វែងនិងយក រថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ BBN