សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានស៊ើបអង្កេត ជាបន្ទាន់ករណីចាក់ដីចូលសមុទ្រ និងស្រាវជ្រាវអ្នកនៅពីក្រោយខ្នង ដើម្បីទន្ទ្រាយយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងខេត្តកោះកុង ។
ថ្លែងនៅក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៨ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត សម្តេចតេជោ បានបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ចុះពិនិត្យជាបន្ទាន់ ករណីចាក់ដីលុបសមុទ្រ នៅក្នុងខេត្តកោះកុងពេលថ្មីៗនេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា ខ្ញុំហាក់ដូចជាមានព័ត៌មានថា នៅខេត្តកោះកុង ក៏នៅបន្តមាន ការចាក់ដីចូលទៅក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត ខ្ញុំស្នើឱ្យឯកឧត្តម ជា សុផារ៉ា ក៏ដូចជាអភិបាលខេត្តកោះកុង ពិនិត្យជាបន្ទាន់ តើវាមានពិតទេ ? ហាក់ដូចជាមាននាយទាហានផងដែរ ដែលចូលរួមសកម្មភាពទាំងនេះ ។
សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗថា ប្រសិនបើជារកឃើញថា នាយទាហានរូបណាពាក់ព័ន្ធនឹងការចាក់ដីចូលសមុទ្រ សម្តេចមិនអនុញ្ញាតនាយទាហានទាំងអស់នោះ ស្ថិតនៅក្នុងក្របខណ្ឌជាកងយោធពលភូមិន្ទកម្ពុជាបន្តទៀតនោះទេ ។ ព្រោះ បើទុកឱ្យនាយទាហានទាំងនោះធ្វើរឿងយ៉ាងដូច្នេះ មានន័យថា ពួកអ្នកទាំងនោះនឹងក្លាយជាអ្នកកសាងរដ្ឋ នៅក្នុងរដ្ឋហើយ ព្រោះពួកគេមិនគោរពច្បាប់ ដូច្នេះគឺមិនអនុញ្ញាតឱ្យមាននោះទេ ។
សម្តេតេជោ ហ៊ុន សែន បារម្ភថា បើនៅតែបន្តរងការបំផ្លាញ នោះកម្ពុជាអាចនឹងប្រឈមការដកចេញពីសមាជិកតំបន់ឆ្នេរស្អាតលើពិភពលោក ។
ទោះជាយ៉ាងណា សម្តេចតេជោ បានអះអាងថា ការលុបសមុទ្របានលុះត្រាតែមានការសិក្សាត្រឹមត្រូវ និងជាករណីចាំបាច់ក្នុងការកសាងដូចជា កសាងកំពង់ផែ ការចាក់ថ្មចូលសមុទ្រ ដើម្បីរាំងទឹករលក សម្រាប់តំបន់កម្សាន្តខ្លះ ហើយត្រូវហាមដាច់ខាតនូវការបំផ្លាញដោយការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ ការចាក់ដីបំពានលើសមុទ្រ និងការកាប់ទន្ទ្រានព្រៃកោងកាង ដើម្បីទន្ទ្រានយកដី ។
កាលពីថ្ងៃទី២២ ធ្នូ ២០១៩នេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានអះអាងថាលោក ទុន ដៀត ជាមន្ត្រីយោធាពាក់ផ្កាយ២ ដែលមានតួនាទីជាប្រធានច្រកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានលួចបោះបង្គោល និងចាក់ដីលុបសមុទ្រដើម្បីវាតយកដី ។
លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងកាលម្សិលមិញនេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីព្រមានថា លោក ទុន ដៀត អាចនឹងត្រូវអស់តំណែងក្នុងករណីដែលបានចាក់ដីលុបសមុទ្រនៅភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
លោក ស្រស់ បានឲ្យដឹងថា ៖ «ផ្កាយ ២ លោក ទុន ដៀត អាចនឹងជ្រុះផ្កាយចេញពីស្មា នេះបើយោងទៅតាមប្រសាសន៍របស់សម្តេចតេជោនៅមុននេះបន្តិច ដែលផ្កាយ២នេះ បានចាក់ដីលុបសមុទ្រមិនខ្លាចព្រះខែសោះ ។ ខ្ញុំសូមអបអរសមុទ្រខេត្តកោះកុង ដែលជិតបានរំដោះមកវិញ ហើយនិងសូមអរគុណសម្តេចតេជោផងដែរ» ៕
អត្ថបទ៖ KBN