ម្ចាស់បន្ទប់ជួលបានប្រកាសថា នឹងដំឡើងថ្លៃឈ្នួល ចាប់ពីខែមករា ឆ្នាំ២០២០ តទៅ ដែលបានធ្វើឱ្យកម្មករកំពុងព្រួយបារម្ភ ខណៈប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ ដំឡើងបានតែ៨ដុល្លារ តែផ្ទះជួលមួយចំនួន បានឡើងរហូតដល់១០ដុល្លារ ឯណោះ ។
កម្មករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ម្ចាស់ផ្ទះជួលបានជូនដំណឹងទៅពួកគេថា ចាប់ពីខែមករា ឆ្នាំ២០២០ តទៅ ម្ចាស់ផ្ទះជួល នឹងដំឡើងថ្លៃ ចំនួន១០ដុល្លារបន្ថែមទៀត លើតម្លៃបន្ទប់ដែលបានជួលបច្ចុប្បន្ន ។ ចំពោះបន្ទប់តម្លៃ២៥ដុល្លារ នឹងឡើងទៅ៣៥ដុល្លារ, បន្ទប់តម្លៃ៣៥ដុល្លារ ឡើងទៅ៤៥ដុល្លារ, បន្ទប់តម្លៃ៤០ដុល្លារ នឹងឡើងទៅ៥០ដុល្លារ និងបន្ទប់តម្លៃ៨០ដុល្លារ នឹងត្រូវឡើងទៅ៩០ដុល្លារ ។
បើតាមកម្មករដដែលរូបនេះ ឲ្យដឹងបន្តថា ម្ចាស់ផ្ទះជួល នៅស្ទើរគ្រប់កន្លែង បានប្រកាសត្រៀមដំឡើងថ្លៃដូចគ្នានេះផងដែរ ។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រមូលបណ្តឹងរបស់កម្មករ ទាក់ទងនឹងការដំឡើងថ្លៃឈ្នួលផ្ទះ ហើយនឹងបញ្ជូនរបាយការណ៍នោះទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ CUMW បានថ្លែងកាសែតក្នុងស្រុក កាលពីចុងសប្តាហ៍នេះថា យើងមានបណ្តឹងរួចហើយពីកម្មករមួយចំនួន ដែលបញ្ជាក់ថា ម្ចាស់ផ្ទះរបស់ពួកគេ នឹងដំឡើងថ្លៃឈ្នួលផ្ទះនៅឆ្នាំក្រោយ ។ រឿងនេះកំពុងកើតឡើង ខណៈពេលប្រាក់ឈ្នួលអប្បបរមា នឹងកើនឡើងដល់១៩០ដុល្លារក្នុងឆ្នាំ ២០២០ ។
លោកបានត្អូញត្អែរថា ថ្លៃជួលផ្ទះ និងថ្លៃប្រើប្រាស់ទឹក-ភ្លើង កំពុងកើនឡើងគួរឲ្យកត់សម្គាល់ ខណៈប្រាក់ឈ្នួលអប្បបរមានឹងកើនឡើងបានតិចតួចប៉ុណ្ណោះ ពោលគឺនៅឆ្នាំ២០២០ ប្រាក់ឈ្នួលអប្បបរមានឹងត្រូវបានដំឡើងត្រឹមតែ៨ដុល្លារ ដែលក្នុងករណីកម្មករជាច្រើន នឹងត្រូវបានយកប្រាក់ស្ទើរទាំងអស់ដែលរកបានសម្រាប់ទូទាត់ថ្លៃឈ្នួលផ្ទះ ព្រមទាំងថ្លៃទឹក-ភ្លើង ។
លោក ស៊ីណា បានមានប្រសាសន៍ថា “ខ្ញុំនឹងរៀបចំបញ្ជូនពាក្យតវ៉ានេះ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្ញុំគិតថា សម្តេចតេជោនឹងចាត់វិធានការដើម្បីជួយកម្មករ” ប៉ុន្ដែខ្ញុំនឹងមិនផ្ញើរបាយការណ៍នេះ ទៅក្រសួងទេ ពីព្រោះបញ្ហានេះនឹងមិនត្រូវបានដោះស្រាយបានឡើយ” ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានប្រាប់អ្នកកាសែតថា ក្រសួងនឹងស្នើសុំសាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ដើម្បីពិនិត្យមើលករណីដែលម្ចាស់ផ្ទះជួល ដែលមានគម្រោងដំឡើងថ្លៃនេះ ។
លោកបានមានប្រសាសន៍ថា “អាជ្ញាធរនឹងទៅផ្ទះដែលអ្នកជួលបានតវ៉ា ដើម្បីវាយតម្លៃស្ថានភាព។ ច្បាប់ចែងថាម្ចាស់ផ្ទះមិនអាចដំឡើងថ្លៃឈ្នួលបានច្រើនទេ” ។
សូមរម្លឹក កាលពីដើមខែតុលា ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ម្ចាស់ផ្ទះដែលមានបន្ទប់ជួលអោយកម្មករកាត់ដេរ មិនត្រូវដំឡើងថ្លៃឈ្នួលផ្ទះ នៅពេលដែលប្រាក់ឈ្នួលរបស់ពួកគេត្រូវបានដំឡើងនោះទេ ។ សម្តេចតេជោមានប្រសាសន៍ថា “ខ្ញុំចង់អំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់កុំអោយដំឡើងថ្លៃឈ្នួលលើសនេះទៀត”។ ប្រសិនបើពួកគេពិតជាចង់ដំឡើងថ្លៃមែនកុំដំឡើងថ្លៃជាង ២ដុល្លារ ។ មន្ត្រីទទួលបន្ទុកក្នុងការផ្គត់ផ្គង់ទឹក និងអគ្គីសនីដល់កម្មករ ក៍ត្រូវតែធ្វើការកែពិនិត្យមើលផងដែរ ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរ មានការយោគយល់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ មិនបានច្រើនដូចនឹងជាការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីឆ្នាំមុន ។ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករវិស័យកាត់ដេរ និងផលិតស្បែកជើង នៅឆ្នាំក្រោយ តែចំនួន ៨ដុល្លារប៉ុណ្ណោះ ពោលគឺមានការថយចុះចំនួន ៤ដុល្លារ បើប្រៀបធៀបទៅនឹងការដំឡើងប្រាក់ឈ្នូលសម្រាប់ឆ្នាំ២០១៩ ៕
អត្ថបទ៖ KBN