នៅព្រឹកថ្ងៃទី២៤ ខែធ្នូនេះ សម្រេចនាយករដ្ឋមន្ត្រី បានអញ្ជើញទៅសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅក្នុងខេត្តត្បួងឃ្មុំ ហើយសម្តេច មានប្រសាសន៍ព្រមានដកតំណែងអភិបាលខេត្តត្បូងឃ្មុំ បើសិនជាគ្រប់គ្រង«ផ្សារគំរូព្រំដែនកម្ពុជា» មិនបាន។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នៅចំពោះមុខមន្ត្រី និងថ្នាក់ដឹកនាំខេត្តទាំងអស់ ថា ផ្សារគំរូមួយនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលសម្រេចបានតាមទិសដៅរដ្ឋាភិបាល ក្នុងការរៀបចំតំបន់ព្រំដែនឱ្យមានសន្តិភាព និងស្ថិរភាព សម្រាប់ពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យ៉ាងដូច្នេះថា « ផ្សារដានេះគឺជាផ្សារគំរូ ហើយបើផ្សារនេះបរាជ័យ ផ្សារដទៃទៀតដែលយើង ត្រៀមបង្កើតឡើងវាគ្មានវឌ្ឍនភាពទេ ដូចនេះហើយ អភិបាលខេត្តត្បូងឃ្មុំ ត្រូវមើលឱ្យច្បាស់ ចំណុចហ្នឹង បើផ្សារនេះបរាជ័យតំណែងជាអភិបាលខេត្តក៏មិនបន្តបានទៀតដែរ »។
សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជារថា ទាំងមន្ត្រីគយ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅផ្សារគំរូព្រំដែនកម្ពុជានោះឡើយ ព្រោះថាប្រសិនជា មានការរំខានណាមួយ ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងរកស៊ីដោយខ្លួនឯង នោះហើយជាបញ្ហាដែលគ្រប់គ្រងអត់បាន ហើយនៅពេលដែលគ្រប់គ្រងអត់បាន អាចបើកឱកាសឱ្យឧក្រិដ្ឋជនគ្រឿងញៀន និងការធ្វើឧក្រិដ្ឋកម្មផ្សេងៗដោយប្រើច្រក របៀងទាំងនេះ ដូច្នេះហើយបានស្នើឱ្យធ្វើកិច្ចការនេះឱ្យបានម៉ត់ចត់។
សូមបញ្ជាក់ថា «ផ្សារគំរូព្រំដែនកម្ពុជា» ឬ «ផ្សារដារ» មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំប្រមាណ២ហិកតា ចម្ងាយប្រមាណ៣០០ម៉ែត្រពីព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម។ ផ្សារនេះសាងសង់ឡើង ដោយចំណាយទឹកប្រាក់ជិត២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម៕
អត្ថបទ៖ kbn