សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើវៀតណាម បង្កើនការទិញទំនិញពីកម្ពុជា ព្រោះបច្ចុប្បន្ន ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមខុសគ្នាឆ្ងាយណាស់។
ការស្នើនេះ បានធ្វើឡើងខណៈដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី និងឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ជីញ ឌិញស៊ុង បានអញ្ជើញចូលរួមពិធីសម្ពោធផ្សារ ដែលមានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)។ ផ្សារគំរូនេះ ជាផ្សារដោះដូរទំនិញកម្ពុជា និងវៀតណាម ជាលើកដំបូងនៅព្រំដែនកម្ពុជា-វៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មផ្លូវការរវាងកម្ពុជា និងវៀតណាម មានជាង ៤៦០០លានដុល្លារ ប៉ុន្តែទំហំពាណិជ្ជកម្មក្រៅផ្លូវការ អាចកើនដល់ ៥០០០លានដុល្លារទៅហើយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹងថា ផ្សារគំរូព្រំដែនកម្ពុជានេះ នឹងក្លាយទៅជាផ្សារគំរូ សម្រាប់ការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរម្លឹកដល់មន្ត្រីគយ និងអន្តោប្រវេសន៍ មិនត្រូវធ្វើការរំខានណាមួយដល់ប្រជាពលរដ្ឋ ដែលរកស៊ីនៅផ្សារគំរូព្រំដែនកម្ពុជានោះឡើយ។
បើតាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្សារគំរូព្រំដែនចំនួនពីរទៀត នឹងគ្រោងធ្វើនៅខេត្តស្វាយរៀង និងកំពត ហើយគួរតែប្រើថវិកាជាតិរបស់កម្ពុជា។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់អភិបាលខេត្តកំពត និងស្វាយរៀង ត្រូវត្រៀមដីសាងសង់ផ្សារគំរូព្រំដែន៕
អត្ថបទ៖ clicknews