គិតចាប់ពីម៉ោង៣រសៀលថ្ងៃទី២៣ ដល់ម៉ោង១២ រសៀលថ្ងៃទី២៤ ខែធ្នូ ២០១៩ នេះ សកម្មភាពរុះរើ ជីកកាយអាចម៍ដី កំទេចថ្ម និងខ្សាច់ ដែលចាក់ហៀចូលឆ្នេរសមុទ្រកោះប៉ោ សម្រេចជាង៥០ភាគរយហើយ។ ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី២៤ ធ្នូនេះ លោក ទុន ដៀត ម្ចាស់សហគ្រាស សុវណ្ណឌី អះអាងថា នឹងខិតខំជីកកាយយកដី ថ្ម និងខ្សាច់ចេញមាត់ឆ្នេរឱ្យអស់នៅថ្ងៃនេះតែម្តង។
មិនចំពោះតែលោក ទុន ដៀត ទេ ប្រជាពលរដ្ឋ ខេត្តកោះកុង និងសាធារណទូទៅ ស្នើដល់ក្រសួងដែនដី សាលាដំបូងខេត្ត ពិសេសលោកស្រី មិថុនា ភូង អភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ឋ បន្តមានវិធានការដល់ជនខិលខូចផ្សេងទៀត ដែលលួចលាក់រំលោភបំពានយកឆ្នេរសមុទ្រ ព្រែក និងដីរដ្ឋយកធ្វើជាកម្មសិទ្ឋិផ្ទាល់ខ្លួនមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ដូចគ្នាដែរ។
ដោយមិនចាំបាច់ទាល់តែមានបទបញ្ជាសម្តេចតេជោ នាយករដ្ឋមន្រ្តី ទើបធ្វើជានាំគ្នាដុតដៃដុតជើងពិនិត្យ និងដោះស្រាយទីតាំងរងការរងបំពាននោះឡើយ។
ក្រៅពីការទទួលខុសកំហុសរបស់ខ្លួន លោក ទុន ដៀត ដែលគេស្គាល់ថា លោកមានតួនាទីជានាយកទីចាត់ការទំនាក់ទំនងព្រំដែននៃអគ្គបញ្ជាការ អាចប្រឈមនឹងការដកតំណែងឬយ៉ាងណាទេ ខណៈទាក់ទងទៅលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិផងដែរ ប៉ុន្តែគ្មានការឆ្លើយតបបកស្រាយណាមួយទេ៕
អត្ថបទ ៖ កម្ពុជាថ្មី