វិស័យស្វាយចន្ទីវៀតណាមមានគោលបំណងរកចំណូលបាន ៤ពាន់លានដុល្លារក្នុងការនាំចេញគ្រាប់ស្វាយចន្ទីក្នុងឆ្នាំ ២០២០ ។ យោងតាមសមាគមស្វាយចន្ទីវៀតណាម (Vinacas) វិស័យនេះនឹងផ្តោតលើការកែច្នៃស៊ីជម្រៅកែលម្អគុណភាព និងធ្វើពិពិធ កម្មផលិតផលឆ្ពោះទៅរកការសម្រេចគោលដៅ។
នៅឆ្នាំ ២០១៩ វិស័យនេះបាននាំចូលវត្ថុធាតុដើមជាង ១,៥ លានតោនដែលភាគច្រើនមកពីទ្វីបអាហ្វ្រិក ដើម្បីបំពេញនូវតម្រូវការកែច្នៃ និងផលិតកម្មរបស់ខ្លួន។សមាគមស្វាយចន្ទីវៀតណាម បាននិយាយថា ការច្របាច់បញ្ចូលគ្នា និងការទិញយកបានកើនឡើងនៅឆ្នាំនេះ ជាមួយសហគ្រាសខ្នាតធំកាន់តែច្រើនឡើងៗ ដែលកំពុងប្រតិបត្តិការនៅក្នុងឧស្សាហកម្មនេះ។
នៅចុងខែវិច្ឆិកាអាជីវកម្មវៀតណាមបាននាំចេញស្វាយចន្ទីជាង ៤១៨,០០០ តោនក្នុងតម្លៃជិត ៣ ពាន់លានដុល្លារអាមេរិក ខណៈគោល ដៅនៅឆ្នាំនេះមានចំនួន ៤៥០,០០០ តោន ស្មើនឹង ៣,៥ ពាន់លានដុល្លារ។ សហរដ្ឋអាមេរិកនៅតែជាអ្នកនាំចូលគ្រាប់ស្វាយចន្ទីធំជាង គេរបស់វៀតណាម បន្ទាប់ចិន និងហូឡង់។
ទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបង្ហាញថា វិស័យកសិកម្មទទួលបានពីពាណិជ្ជកម្មចំនួន ៨,៨ ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០១៩នេះ។
ប្រទេសវៀតណាមបានរកចំណូលបានចំនួន ៣៧,៣ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម និងផលិតផលព្រៃឈើ និងជល ផលក្នុងឆ្នាំ២០១៩នេះ ពោលគឺកើនឡើង ៣,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនេះ ២៨,៥ ពាន់លានដុល្លារត្រូវបានចំណាយ សម្រាប់ការនាំចូលកសិផល – នេសាទដោយធ្លាក់ចុះ ០,៧ ភាគរយ។
ប្រទេសចិននៅតែជាអ្នកទិញផលិតផលកសិកម្មធំជាងគេពីប្រទេសវៀតណាមដែលស្មើនឹង ២៦,៩ ភាគរយនៃការនាំចេញសរុប បន្ទាប់មកគឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អាស៊ាននិងជប៉ុន៕