លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរខ្លឹមសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំគួរបកស្រាយចំណុចមួយ ដើម្បីមានការយល់គ្នា លើវិជ្ជាជីវៈសារព័ត៌មាន ពីព្រោះកន្លងមក មានសមត្ថកិច្ចអំពាវនាវផង និងប្រើពាក្យព្រមានផងថា ៖ បើអ្នកកាសែត ផ្សាយទម្លាយឲ្យបែកការណ៍ ក្នុងសំណុំរឿង ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ឬស៊ើបអង្កេត នឹងនាំខ្លួនអ្នកកាសែតរូបនោះឲ្យទទួលខុសត្រូវ» ។ តើករណីនេះ យ៉ាងដូចម្តេច ?
លោក ហ៊ុយ វណ្ណៈ បកស្រាយថា ចម្លើយគឺ មិនអញ្ចឹងទេ ។ នេះគឺជាវិជ្ជាជីវៈ ២ផ្សេងគ្នា និងជាការទទួលខុសត្រូវដាច់ដោយឡែកពីគ្នា ពិនិត្យនិងថ្លឹងថ្លែង ។
ទី១- ការស្រាវជ្រាវ ស៊ើបអង្កេតរឿងក្តី ឬការតាមចាប់ជនសង្ស័យបាន ឬមិនបាន គឺជារឿងរបស់សមត្ថកិច្ច ឬរបស់តុលាការ ។ សមត្ថកិច្ច ក៏អាចមិននិយាយលាតត្រដាងរឿងក្តីឲ្យកាសែតដឹងបានដែរ ។
ទី២- តែបើកាសែតដឹង ការផ្សាយគឺជាតួនាទីរបស់អ្នកកាសែត ។ មេរៀនប្រាប់ថា អ៊ីចឹង! អ្នកកាសែត អាចមានសិទ្ធិទទួល ឬមិនទទួលសំណូមពររបស់សមត្ថកិច្ច ។ ក៏ប៉ុន្តែ ជាវិជ្ជាជីវៈ អ្នកកាសែតត្រូវតែផ្សាយ ហើយក៏គ្មានហេតុផល ចាប់ខ្លួនកាសែតលើករណីផ្សាយនោះទេ ។
និងទី៣- អ្វីដែលអ្នកកាសែតត្រូវធ្វើ គឺផ្សាយ ទៅតាមអង្គហេតុ នៃព្រឹត្តិការណ៍ និងប្រាប់ថា សមត្ថកិច្ចកំពុងធ្វើអ្វី ពីព្រោះវា គឺជាដំណឹង ។ ប៉ុន្តែ អ្នកកាសែត ត្រូវជៀសវាង ឃុបឃិតជាមួយភាគីជនសង្ស័យ ធ្វើបុរេវិនិច្ឆ័យ បង្អើល និងហាមបំភ្លៃ កាឡៃខ្លឹមសារសាច់រឿង ដែលធ្វើឲ្យមហាជន យល់ច្រឡំ ពីស ទៅជាខ្មៅ ។
លោក ហ៊ុយ វណ្ណៈ ធ្វើការបកស្រាយនេះ ទំនងជាចង់ពិនិត្យនិងថ្លឹងថ្លែងចំណុចមួយរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អំពាវនាវ សុំការយោគយល់ពីអ្នកសារព័ត៌មាន កុំផ្សាយពេលសមត្ថកិច្ចកំពុងស្រាវជ្រាវ ឬស៊ើបអង្កេត ។
នៅលើទំព័រហ្វេសប៊ុកផេករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសរសេរដូច្នេះថា «លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានអំពាវសុំឲ្យអ្នកសារព៏ត៌មានទាំងអស់ សូមយោគយល់ ចំពោះករណីខ្លះ ដែលសមត្ថកិច្ចកំពុងបន្តនិតិវិធី សូមមេត្តា កុំព្យាយាមផ្សព្វផ្សាយ ដែលអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ការស្រាវជ្រាវរបស់សមត្ថកិច្ច ។
ជាក់ស្តែងដូចជាករណី គ្រឿងញៀន ចោរប្លន់ ចោរលួច ចោរឆក់ ឬឃាតកម្មមួយចំនួន ភាគច្រើន គឺសុទ្ធតែជាប់ពាក់ព័ន្ធជាមួយមេក្លោង និងបក្ខពួកច្រើននាក់ ដែលសមត្ថកិច្ចត្រូវបន្តធ្វើការស្រាវជ្រាវនិងតាមចាប់ ខ្លួន ។ ដូច្នេះពេលសមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើស និងឃាត់ខ្លួន ជនសង្ស័យ ទោះនៅទីកន្លែងឯកជនក៏ដោយ ឬនៅលើទីសាធារណៈក៏ដោយ ប្រសិនបើសមត្ថកិច្ចសុំមិនបញ្ចេញព័ត៌មាន
សូមឲ្យអ្នកសារព័ត៌មានមេត្តាយោគយល់ គោរពដល់តួនាទីភារកិច្ចរបស់សមត្ថកិច្ច និងវិជ្ជាជីវៈសារព័ត៌មានដោយអនុគ្រោះ ជៀសវាងការផ្សាយព័ត៌មានទាំងនោះ ប្រែក្លាយជាការ ជូនដំណឹងដល់មេក្លោង និងបក្ខពួកជនល្មើសឲ្យមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ និងគេចខ្លួនកាន់តែឆ្ងាយ ប៉ុន្តែប្រសិនបើសមត្ថកិច្ចប្រមូលផ្តុំភស្តុតាងកំណត់អត្តសញ្ញាណក្រសោបមុខសញ្ញាបាន ឬមុខសញ្ញាត្រូវបានគេចខ្លួន បាត់តម្រុយ នោះសមត្ថកិច្ចនឹងផ្តល់ព័ត៌មានជាចំហរជូនដល់អ្នកសារព័ត៌មាន» ។
សូមរម្លឹកថា កាលពីព្រលប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដែលរួមមាន កម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ឬទ្ធី សហការណ៍ជាមួយកម្លាំង ការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន់ សុភាព បានបើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនខ្នាតធំ នៅចំណុចលើផ្លូវបេតុងលេខ១៩ និងបន្ទប់ជួលលេខ០៩ ជាន់ទី១ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង ០៣ខែ ដោយឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ា០១នាក់ ឈ្មោះ FRANK UBALE ភេទប្រុស អាយុ៥០ឆ្នាំ និងរឹបអូសគ្រឿងញៀនជាច្រើនប្រភេទ សរុប០៣គីឡូក្រាម ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបនាពេលនោះ ក៏មានបក្ខពួកជនសង្ស័យម្នាក់ផ្សេងទៀត ដែលជាជនជាតិនីហ្សេរីយ៉ាដូចគ្នា បានរត់គេចពីការតាមចាប់របស់សមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ដោយផ្លោះរបងចូលទៅក្នុងត្រពាំងទឹកមួយកន្លែង នៅចំណុច ក្រុមទី៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យFRANK UBALE បានសារភាពថា គ្រឿងញៀនទាំងអស់ ជារបស់រូបគេ ពិតប្រាកដមែន សម្រាប់ធ្វើការជួញដូរ ចែកចាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយរូបគេ ក៏មានបក្សពួកជាជនជាតិ នីហ្សេរីយ៉ា ០២នាក់ ផ្សេងទៀត។ ០២ថ្ងៃក្រោយមក មានប្រជាពលរដ្ឋ ចុះបេះត្រកួន បានប្រទះឃើញសាកសពអណ្តែតទឹក ដែលជាជនជាតិនីហ្សេរីយ៉ា បក្ខពួកជនសង្ស័យខាងលើ បង្កការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ទើបសមត្ថ កិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការទម្លាយព័ត៌មានស្តីពីការបង្ក្រាគ្រឿងញៀនខ្នាតធំទាំងនេះ ដល់អ្នកសារព័ត៌មានបានដឹង ៕
អត្ថបទ៖ kbn