ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទើបតែបានអនុម័តឲ្យ គម្រោងវិនិយោគធំៗ៩ថ្មីទៀត សរុបទុនជិត២ពាន់លានដុល្លារ ដំណើរការនៅកម្ពុជា ក្នុងនោះមានផ្សារទំនើបអ៊ីអនទី៣ ផងដែរ នេះបើយោងតាមការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការរបស់ CDC នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩នេះ ។
ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២៨៩.៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤៧កន្លែង ។
ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះ បានទិញដីនៅក្នុងគំរោងទីក្រុងរណប ING CITY តម្លៃជាង១០០លានដុល្លាររួចហើយ ដើម្បីសាងសង់ផ្សារទំនើបរបស់ខ្លួន នៅពេលខាងមុខនេះ ។ ផ្សារទំនើបទី៣នេះ មានទំហំធំជាងផ្សារទី១ និងទី២ ។
បើតាមគម្រោងផែនការមេ របស់ក្រុមហ៊ុនវិនិយោគផ្សារទំនើបអ៊ីអនរបស់ជប៉ុន គ្រោងនឹងសាងសង់ផ្សារទំនើបអ៊ីអនចំនួន៤ទីតាំងធំៗ ស្ថិតនៅតំបន់ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា ។
ក្រុមហ៊ុននេះ បានសម្រេចចិត្តវិនិយោគសាងសង់ផ្សារទំនើបអ៊ីអនទី៣ នៅភាគខាងត្បូងរាជធានីភ្នំពេញ ហើយមិនយូរទៀតទេ ផ្សារទំនើបអ៊ីអនទី៣នេះ នឹងលេចរូបរាងឡើង នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ៕
អត្ថបទ៖ kbn