ក្រុមមន្ត្រីនេប៉ាល់បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសបានឃុំខ្លួនបុរសនិងស្ត្រីជនជាតិចិនចំនួន១២២នាក់ នៅក្នុងការបង្ក្រាបបទល្មើសដ៏ធំបំផុតដែលប្រព្រឹត្តដោយជនបរទេសដែលចូលមកក្នុងប្រទេសនេះតាមរយៈទិដ្ឋាការទេសចរណ៍។
ប៉ូលិសនៅក្នុងរដ្ឋធានីនៃប្រទេសនេប៉ាល់បាននិយាយថា ជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួនក្នុងអំឡុងការវាយឆ្មក់ ជាច្រើនកន្លែងកាលពីថ្ងៃចន្ទបន្ទាប់ពីទទួលបានព័ត៌មានថាពួកគេមានជាប់ពាក់ព័ន្ធនៅក្នុងសកម្មភាពគួរឲ្យសង្ស័យ។
ប៉ូលិសបានបន្តថា ជនជាតិចិនទាំងអស់នោះត្រូវបានជាប់សង្ស័យក្នុងករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិង លួចដក ប្រាក់តាមម៉ាស៊ីនATM ដោយបានបន្ថែមថាពួកគេត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសផ្សេងៗគ្នាហើយលិខិតឆ្លងដែន និងកុំព្យូទ័ររបស់ពួកគេក៏ត្រូវបានដកហូតទុកផងដែរ។
មន្ត្រីជាន់ខ្ពស់នេប៉ាល់ម្នាក់ទៀតបាននិយាយថា ស្ថានទូតចិនបានដឹងពីការវាយឆ្មក់នេះនិងបានគាំទ្រចំពោះការឃុំខ្លួន ជនសង្ស័យ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងទីក្រុងប៉េកាំងថា ប៉ូលិសចិននិងនេប៉ាល់បាន សហការគ្នាលើករណីនេះ ហើយចិនមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ជាមួយ ប្រទេសជិតខាងរបស់ខ្លួន៕
អត្ថបទ៖ swiftnews