ពេជ្រ សូលីកា ត្រូវបានគូដណ្តឹង លោកគឹម ហាន បញ្ចោញរូបតារាចម្រៀងនេះកំពុងមានផ្ទៃពោះ តាមរយៈការពិនិត្យឃើញកាលពីពេលថ្មីៗនេះ ហើយលោកបានបង្ហោះនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។
មហាជនជាច្រើនបានភ្ញាក់ផ្អើលចំពោះដំណឹងនេះ ព្រោះពេជ្រ សូលីកា ទើបតែភ្ជាប់ពាក្យបាន២ខែគត់ ពេលនេះតារាហង្សមាស មានផ្ទៃពោះកូនដំបូងបាត់ទៅហើយ បន្ទាប់ពីនាងនិងគូដណ្តឹងបានសាសងស្នេហាគ្នាយ៉ាងផ្អែមល្ហែម ក្រោយពីភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។ប៉ុន្តែនៅលើបណ្តាញសង្គម Instagram របស់សូលីកា វិញ មិនបានបង្ហាញរឿងនាងមានកូនជាមួយលោកគឹម ហាន ឡើយ គឺនាងនៅបន្តភាពស្ងៀមស្ងាត់ធម្មតា។
ដោយឡែក ប្រតិកម្មរបស់មហាជនវិញ បានលើកឡើងខុសៗគ្នា អ្នកខ្លះថា សម័យនេះកំពុងពេញនិយមណាស់រឿងតារាមានកូនមុនរៀបការដូចសូលីកា នេះ។ ប៉ុន្តែភ្លាមៗនោះ អ្នកគាំទ្រពេជ្រ សូលីកា បានតបទៅអ្នករិះគន់ថា ពួកគេបានក្លាយទៅជាគូដណ្តឹងគ្នាទៅហើយ រឿងអីដែលរស់នៅជាមួយគ្នាមិនបានទៅ ?
មុនធ្លាយរឿងមានកូន២ខែនេះ ពេជ្រ សូលីកា បានផ្ទុះជម្លោះយ៉ាងចម្រូងចម្រាសជាមួយអតីតសង្សារលោកគឹម ហាន គឺស្រីស្អាតថៃ នារីសត្យា ដោយសារតែកូនលោកថៃ នរៈសត្យា បានឌឺដងឱ្យ សូលីកា ដែលត្រងយកសង្សារនាង។
យ៉ាងណា សូលីកា មិននៅស្ងៀមឡើយ ដោយកាលពីថ្ងៃទី៣ ខែវិច្ឆិកា នាងបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ផ្នែកនាយកដ្ឋានបទល្មើសបច្ចេកវិទ្យា អគារ (L) ជាន់ទី១ ដោយប្តឹងថៃ នារីសត្យា រួមទាំងលី សុគន្ធា (បេនី យាំង) ឱ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ជុំវិញការចោទប្រកាន់មកលើនាង។
ប៉ុន្តែសំណុំរឿងនេះត្រូវបានស្ងប់ស្ងាត់ ស្រាប់តែពេលនេះមកល្បីរឿងសូលីកា មានកូន២ខែទៅវិញ ធ្វើឱ្យមហាជន រួមទាំងអតីតសង្សារគូដណ្តឹងសូលីកា ភ្ញាក់ផ្អើលមិនតិចឡើយ។
អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីពេជ្រ សូលីកា បានឡើយ កាលពីថ្ងៃទី២៦ ខែធ្នូ ព្រោះទូរស័ព្ទតេមិនចូល៕
អត្ថបទ៖ នគរធំ