មន្ទីរកសិកម្ម ខេត្តបាត់ដំបង បានអះអាងថា ឆ្នាំនេះ កសិករនាំគ្នាដាំដុះដំណាំបន្លែស្ពៃជើងទា ស្ទើរគ្រប់កន្លែង ដែលនាំឲ្យការប្រមូលផលបន្លែនេះ មានបរិមាណច្រើនលើសតម្រូវការ និងធ្វើឲ្យធ្លាក់ថ្លៃខ្លាំង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរកសិកម្មខេត្តបាត់ដំបង កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៩។
បន្ទាប់ពីជួបបញ្ហានេះ មន្ទីរកសិកម្មខេត្តបាត់ដំបង បានសហការជាមួយសភាពាណិជ្ជកម្មខេត្ត ក្នុងការស្វែងរកដំណោះស្រាយ ដោយគ្រោងបង្កើតបណ្ដុំអាជីវកម្មបន្លែ ដើម្បីរៀបចំផែនការ ផលិតឆ្ពោះទៅកាន់ទីផ្សារ និងជម្រុញឲ្យកសិកររៀបចំធ្វើផលិតកម្ម កសិកម្មតាមកិច្ចសន្យា នៅតំបន់នេះ។
ជាមួយគ្នានេះ ក្រសួងកសិកម្ម បានច្រានចោលព័ត៌មានកោះសន្តិភាពដេលី ចុះផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ដែលមានចំណងថា «អ្នកភូមិសម្រុកនាំគ្នាកាត់ស្ពៃក្នុងចម្ការជនពិការម្នាក់យ៉ាងភ្លូកទឹកភ្លូកដី» នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយសារម្ចាស់ចម្ការ ជាអ្នកប្រកាសឲ្យទៅកាត់យក ដោយឥតគិតលុយ ព្រោះស្ពៃជើងទារបស់គាត់ទទួលបានតម្លៃថោក និងស្ទើរតែគ្មានអ្នកទិញ។
ករណីបន្លែស្ពៃជើងទា គ្មានទីផ្សារនេះ មន្ទីរបានចាត់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវទៅលើករណីនេះលោក អ៊ឹម សុភ័ក្រ ជាម្ចាស់ចម្ការបានលក់ចេញបាន៧០% ក្នុងតម្លៃ៥០០៛ ក្នុងមួយគីឡួ នៅសល់៣០% ប្រហែល១០តោន មានតម្លៃត្រឹមតែ៣០០៛ ក្នុងមួយគីឡូ។
មន្ទីរកសិកម្ម ក៏បានអំពាវនាវដល់ កសិករគួរតែយកចិត្តទុកដាក់ទៅលើការរៀបចំផែនការមុខដំណាំឲ្យច្បាស់លាស់ ជៀសវាងការដាំដុះដំណាំតែមួយមុខដូចគ្នា និង ពេលវេលាតែមួយ ដែលជាហេតុធ្វើឲ្យតម្លៃទីផ្សារធ្លាក់ចុះជាគំហុក ៕
អត្ថបទ៖ វាយោ