“ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានបំណងស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ការអនុញ្ញាតយកថវិកានៅសល់ទៅទិញរថយន្ត សម្រាប់បម្រើការចុះបេសកកម្មនៅមូលដ្ឋាន។ គម្រោងនេះ ត្រូវបានលើកឡើង នៅក្នុងសន្និបាតបូកសរុបការងាររយៈពេល១៦ខែ នាថ្ងៃទី២៧ ខែធ្នូនេះ។
ការងារទាំងអស់របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺផ្សាភ្ជាប់ចំពោះកញ្ចប់ថវិកាប្រចាំឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន១,៣១៨,៩២៥ ដុល្លាអាមេរិក។ នេះជាការលើកឡើងរបស់លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាន។
លោកឈឹម ផលវរុណ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ ការចំណាយជាក់ស្តែងពិតប្រាកដ មានចំនួន ៨៦៨,៧៣២ ដុល្លាអាមេរិក។ ដូច្នេះនៅសល់៤៥០,១៩៣ដុល្លាអាមេរិក។ ចំពោះថវិកានៅសល់នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានបំណងស្នើសុំ ជាគោលការណ៍ គោរពជូនលោកនាយករដ្ឋមន្ត្រី ផ្តល់ការអនុញ្ញាតយកថវិកានៅសល់នេះ ទៅទិញរថយន្តសម្រាប់បម្រើការចុះបេសកកម្មនៅមូលដ្ឋាន។
លោកពន្យល់ថា កន្លងមក ការចុះបេសកកម្ម ទាំងប្រតិភូគណបក្ស ទាំងមន្ត្រីលេខាធិការដ្ឋាន ប្រើប្រាស់រថយន្តឯកជនផ្ទាល់ខ្លួន ដោយសារតែឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពុំមានរថយន្តរដ្ឋ។ សំណើសុំនេះ មិនពាក់ព័ន្ធនឹងកញ្ចប់ថវិកា២០២០ទេ! ហើយរថយន្តទាំងនោះ ត្រូវចុះបញ្ជីសារពើភ័ណ្ឌជាទ្រព្យសម្បត្តិរបស់រដ្ឋ។
គួរបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បង្កើតឡើង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ រយៈពេល១៦ខែដំបូង ឆ្នាំ២០១៩ ការចុះបេសកកម្ម មានចំនួនសរុបប្រមាណជាង៤០០លើក ទូទាំង២៥រាជធានី-ខេត្ត ដាក់ជូនរដ្ឋាភិបាលចំនួន២០០ករណី៕