កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ មានពលរដ្ឋមួយចំនួនដែលអះអាងថាជាអាជីវករអ្នកលក់ដូរតាមឆ្នេរសមុទ្រអូរឈើទាលនិងឆ្នេរអូត្រេះបាន នាំគ្នាទៅតវ៉ានៅសាលាខេត្តដើម្បីឲ្យថ្នាក់ដឹកនាំខេត្ត បន្ធូបន្ថយករណីរុះរើកន្លែងលក់ដូរ របស់ពួកគាត់ បន្ទាប់ពីមានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តអោយធ្វើការរុះរើ ដើម្បីសម្អាតសោភណ្ឌ័ភាពឆ្នេរ។
មន្ត្រីសាលាក្រុងព្រះសីហនុថ្លែងថា វិធានការរុះរើសម្អាតឆ្នេរនេះ នឹងអនុវត្តន៍នៅដើមខែមករាឆ្នាំ២០២០ខាងមុខ។
បញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹង លេខ ៤៧៣/០៩ សជណចុញថ្ងៃទី០៤ខែធ្នូឆ្នាំ២០១៩ ស្តីពីការ រុះរើ ស្តង់ តូប រោង របស់បងប្អូន ប្រជាពលរដ្ឋ ប្រកបរបរអាស្រយ័ផលតាមឆ្នេរសមុទ្រអូរឈើទាលនិងឆ្នេរអូត្រេះ ដើម្បីសម្អាតសោភណ្ឌ័ភាពឆ្នេរ ដោយកន្លងមកអាជ្ញាធរខេត្តមើលឃើញថា មានការប៉ះពាល់ដល់អនាមយ័ បរិស្ថាន សណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរ។
ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា សេចក្តីជូនដំណឹងនេះមានឱសានវាទ រយះពេល៧ថ្ងៃ បន្ទាប់ពី ថ្ងៃចុះហត្ថលេខានេះ៕
អត្ថបទ៖ រស្មីកម្ពុជា