បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញថា នៅតែមានមធ្យោបាយជារថយន្តដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម) ធ្វើសកម្មភាពដឹកជញ្ជូនទំនិញ ដឹកដីបម្រើឱ្យក្រុមហ៊ុនឯកជន ឬយកទៅធ្វើអាជីវកម្ម ដោយជួលទៅឱ្យជនបរទេសថែមទៀតផង និងថែមទាំងការចេញលិខិតបេសកកម្ម ដោយភ្ជាប់ទៅជាមួយនូវអាវុធរបស់អង្គភាពមួយចំនួន ដែលវាមិនចាំបាច់។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ទុកសកម្មភាពនេះ បានជះឥទ្ធិពលទៅលើកិត្តិយស សេចក្តីថ្លៃថ្ន និងជំនឿរបស់មហាជន និងប្រជាជន មកលើកងយោធពលខេមរភូមិន្ទ។
របាយការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅក្នុងពិធីប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅផែនការការងារ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមវត្តមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមជម្រាបថា នាពេលថ្មីៗកន្លងមកនេះ កម្លាំងអាវុធហត្ថរាជធានី បាននិងកំពុងតែបន្តចាត់វិធានការត្រួតពិនិត្យទៅលើរថយន្តពាក់ស្លាកលេខ ខ.ម សេះហោះ ដែលកំពុងធ្វើចរាចរយ៉ាងអនាធិបតេយ្យតាមដងផ្លូវ នៅរាជធានីភ្នំពេញ ពិសេសក្រុមឡានដឹកជញ្ជូនគ្រប់ប្រភេទ ដឹកដី ដឹកថ្ម ដឹកខ្សាច់ ពាក់ស្លាកលេខ ខ.ម លោតឆ័ត្រនោះតែម្ដង ដែលប៉ះពាល់ដល់កិត្តិយសក្រសួងការពារជាតិ។
បើទោះបីជាសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញរថយន្តដឹកដី ដឹកទំនិញ នៅតែបន្តពាក់ស្លាកលេខ ខ ម ដោយគ្មានខ្លាចញញើតច្បាប់។
សារព័ត៌មាន Click News មិនអាចសុំការអភធិប្បាយបន្ថែមពីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទេ ទាក់ទិននឹងវិធានការចំពោះមុខ លើរថយន្តពាក់ស្លាសលេខ ខ.ម ទាំងនេះ៕
អត្ថបទ៖ clicknews