ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជិត ៣ពាន់នាក់ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងទាក់ទងទៅនឹងទិន្នផលស្រូវ ក្នុងឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមរបាយការណ៍របស់ក្រសួងកសិកម្ម យើងទួលបានផលស្រូវប្រមាណជាង ២លានតោន លើផ្ទៃដី ២លាន៧សែនហិចតា ហើយក្នុងនោះស្រូវវស្សាមិនសូវខ្វះទឹកប៉ុន្មាននោះទេ តែសម្រាប់ស្រូវរដូវប្រាំងវិញគឺមានការខ្វះខាតទឹក។ ទន្ទឹមនឹងនេះ សម្តេចតេជោ នៅតែបន្តការអំពាវនាវដល់ប្រជាកសិករធ្វើស្រែតែ១ដងបានហើយ ដើម្បីសន្សំសំចៃទឹកទុក។ ជាមួយគ្នានេះ សម្តេចតេជោក៏បន្តជំរុញឲ្យប្រជាកសិករនាំគ្នាដាំដំណាំរួមផ្សំផ្សេៗ ជំនួសវិញ ដូចជាដំណាំអំពៅជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កន្លងទៅនេះ ទោះបីជាយើងមិនទទួលបាននូវភាពជោគជ័យក្នុងការនាំអង្ករ១លានតោនក៏ដោយ ក៏ប៉ុន្តែយើងបានសល់ស្រូវ និងបានលក់ទៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។ សម្តេចតេជោបន្តថា ការមិនសម្រេចទៅតាមគោលដៅនោះ មកពីយើង «មានមាសហើយខ្វះក្រដាសខ្ចប់» ដូចជាយើងនៅមានការខ្វះរោងម៉ាស៊ីនកិនស្រូវ ខ្វះឡសម្ងួតស្រូវ និងខ្វះបច្ចេកទេសកែច្នៃផ្សេងៗជាដើម។
«ដូច្នេះហើយទើបកម្ពុជាយើងកំពុងខិតខំទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេសលើវិស័យនេះ ជាពិសេសលើការកែច្នៃវត្ថុធាតុដើម ពីផលិតផលកសិកម្ម និងការកែច្នៃផលិតផលផ្សេងៗទៀតអោយទៅជាផលិតផលសម្រេច ព្រមទាំងជំរុញការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាជាដើម»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕
អត្ថបទ៖ swiftnews