សាលាឃុំព្រែកជ្រៃ ដែលនៅជាប់ព្រំដែនវៀតណាម ស្ថិតក្នុងស្រុកកោះធំ ខេត្តណ្ដាល បានប្តូរទីតាំងចម្ងាយ៥០០ម៉ែត្រទៅទីតាំងថ្មី ដោយមន្ត្រីថា បារម្ភខ្លាចសាលាឃុំនេះធ្លាក់ចូលទន្លេ ព្រោះមានការបាក់ច្រាំងជាបន្តបន្ទាប់។
មេឃុំព្រែកជ្រៃ លោក ចាប ស៊ុយ ឱ្យ VOD ដឹងថា ការបាក់ច្រាំងជាបន្តបន្ទាប់ច្រើនឆ្នាំមកនេះ បង្កជាការព្រួយបារម្ភចំពោះសុវត្ថិភាពមន្ត្រីមកធ្វើការនៅសាលាឃុំ។ លោកថា ការដូរទៅទីតាំងថ្មី ងាយស្រូលជាងកន្លែងចាស់ ក្នុងការផ្តល់សេវាជូនពលរដ្ឋ ព្រោះនៅជាប់ផ្លូវធំក្រាលកៅស៊ូ ។
លោកថា៖ «ម្យ៉ាងទៀត ផ្លូវជាតិវានៅកន្លែងនេះ។ អ៊ីចឹងទេ កន្លែងនេះវាបើកមុខជាង ហើយកន្លែងនោះវាបាក់ច្រាំង អ៊ីចឹងដកមកកន្លែងនេះ វាងាយស្រួលធ្វើឱ្យប្រជាពលរដ្ឋទំនាក់ទំនងសេវាអ៊ីចឹងទៅ»។
មេឃុំរូបនេះ ឱ្យដឹងទៀតថា ទីតាំងសង់សាលាឃុំថ្មី មានចម្ងាយជិតមួយគីឡូម៉ែត្រពីសាលាឃុំចាស់បើគិតតាមផ្លូវវាង តែជាង៥០០ម៉ែត្រតាមផ្លូវកាត់ ហើយថា មន្ត្រីចាប់ធ្វើការនៅសាលាឃុំថ្មី ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨មក។
អ្នកស្រី ឡុង គឹមលាង រស់នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃនេះ និយាយថា ការស្វែងរកសេវាពីអាជ្ញាធរនៅទីតាំងថ្មី មិនលំបាកទេ។ ប៉ុន្តែ ស្ដ្រីអាយុជិត៧០រូបនេះ អះអាងថា គាត់បារម្ភខ្លាចផ្ទះបណ្ដែតទឹកវៀតណាម ដែលនៅត្រើយម្ខាង នឹងបន្តរំកិលចូលដែនទឹកកម្ពុជា បើច្រាំងទន្លេខាងកម្ពុជានៅតែបន្តបាក់។
អ្នកស្រីថា៖ «បើតាមដែលយើងធ្វើ វាមិនបាក់ដល់ថ្នាក់នឹងទេ។ ខ្ញុំឃើញនៅវៀតណាម គេចាស់ដីហើយគេបុកគ្រឹះទៀត ចាស៎! ដល់គេធ្វើ មានបាក់ឯណា [វៀតណាម] បាក់ៗទាំងផ្ទះថ្មអីក៏មានដែរ តែគេធ្វើរបស់គេអ៊ែមវិញហ្មង»។
ច្រាំងទន្លេនៅខាងភាគីវៀតណាមគ្មានស្នាមបាក់ច្រាំងទេ។ នៅទីនោះមានសំណង់បុកគ្រឹះធ្វើផ្សារ ផែ និងផ្ទះបណ្ដែតទឹកចិញ្ចឹមត្រីរាប់សិបខ្នង និងមានទូតកាណូតធំៗចតបណ្ដាក់គ្នា។
ដោយឡែក ច្រាំងខាងកម្ពុជាមានស្នាមបាក់រហូតដល់មុខសាលាឃុំព្រែកជ្រៃ។ នៅលើច្រាំងគ្មានសំណង់បុកគ្រឹះធ្វើផ្សារ ផែ និងគ្មានផ្ទះបណ្ដែតទឹកចិញ្ចឹមក្នុងទន្លេដូចភាគីវៀតណាមទេ តែពួកគេធ្វើអាងចិញ្ចឹមត្រីនៅលើគោកវិញ។
បញ្ហានេះ មេឃុំព្រែកជ្រៃ អះអាងថា រដ្ឋាភិបាលមានគម្រោងទប់ស្កាត់ការបាក់ច្រាំងនេះ ដល់ទៅ១គីឡូម៉ែត្រតាមបណ្ដោយទន្លេ និងពង្រីកទទឹង៥០០ម៉េត្រ។
ប៉ុន្តែ នៅពេលសួរថា តើក្រុមការងារនឹងវិលទៅធ្វើការនៅសាលាឃុំចាស់ជាប់ព្រំដែនវៀតណាមត្រង់បង្គោលភ្លោះលេខ២៤៥ បោះឆ្នាំ២០១៧វិញទេ ក្រោយរដ្ឋាភិបាលកែលម្អច្រាំងទន្លេរួច លោកថា ទំនងជាមិនទៅវិញទេ។
សមាជិកឃ្លាំមើលកម្ពុជា និងជាអ្នកតាមដានបញ្ហាព្រំដែន លោក រ៉ុង ឈុន មានប្រសាសន៍ថា វត្តមានពលរដ្ឋនិងស្ថាប័នរដ្ឋនៅជាប់ព្រំដែន រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ជារនាំងទប់ស្កាត់ការរំកិលព្រំដែនពីប្រទេសជិតខាង។
អ្នកឃ្លាំមើលរូបនេះ ផ្តល់ជាយោបល់ថា រដ្ឋាភិបាលគួតែបណ្ដុះធនធានមនុស្សឱ្យយល់ដឹងពីប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាង ដូចពីអតីតកាល។
លោកថា៖ «អ្វីដែលយើងសោកស្ដាយលើសពីហ្នឹងទៀតហ្នឹងនៅពេលដែលយុវជន ពលរដ្ឋចូលរួមនិយាយរឿងបញ្ហាព្រំដែន ត្រូវបានការព្រមានជាបន្តបន្ទាប់។ អាហ្នឹងវាជាការបំបាក់ស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរក្នុងការចូលរួមឈឺឆ្អាលការពារជាតិ។ បើមេដឹកនាំល្អមួយ គេត្រូវបណ្ដុះឆន្ទៈជាតិនិយមដល់ពលរដ្ឋដល់យុវជនរបស់ខ្លួន»។
យ៉ាងនេះក្ដី ការបោះបង្គោលកំណត់ព្រំដែនជាមួយវៀតណាមបាន៨៤ភាគរយរួចមកនេះ ត្រូវរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងព្រះមហាក្សត្រ ប្រកាសទទួលស្គាល់ជាផ្លូវការហើយ។ ទោះអតីតគណបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួនចាត់ទុកការបោះបង្គោលនោះថា ធ្វើតាមសន្ធិសញ្ញាខុសច្បាប់ឆ្នាំ១៩៨៥ នាសម័យវៀតណាមគ្រប់គ្រងកម្ពុជាក៏ដោយ៕
អត្ថបទ៖ VOD