អនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង លោក អ៊ិន សុវណ្ណមុន្នី បានអះអាងថា បញ្ហាច្រំដែលដែលពលរដ្ឋជាអ្នកផលិតបន្លែតែងជួបប្រទះពិបាករកទីផ្សារលក់ផលដំណាំរបស់ខ្លួន ព្រោះកសិករភាគច្រើនមិនចូលរួមសហការជាមួយមន្ត្រីជំនាញ។
អ៊ិន សុវណ្ណមុន្នី មានប្រសាសន៍ថា មន្ទីរកសិកម្មបានពង្រាយមន្ត្រីទីផ្សារតាមមូលដ្ឋាននានាជួយផ្តល់ព័ត៌មានអំពីតម្លៃកសិផល និងអ្នកជំនាញណែនាំអំពីពូជ ព្រមទាំងការប្រើប្រាស់ជីជួយដល់ដល់កសិករ តែបញ្ហានៅត្រង់ការតាំងចិត្តរបស់កសិករធ្វើតាមការណែនាំរបស់អ្នកបច្ចេកទេសនៅមានកម្រិត។
លោក អ៊ិន សុវណ្ណមុន្នី បានបញ្ជាក់ថា៖ «ការរៀបចំ Plan [ផែនការ] ដាំ គេថា ខែនេះ ខែអីគួរដាំអានេះ វាបានថ្លៃ ហើយបានល្អ។ វាពិបាកដាំមែន តែវាបានថ្លៃ ចឹងយើងគួរដាំ ប៉ុន្តែ ពេលខ្លះ អាពិបាកបន្តិចហ្នឹង គាត់មិនចង់ទេ។ ភាគច្រើន គាត់ងាកទៅវិញ និយាយអឺអើបានតែបន្តិច។ ធ្វើចង់បានតែអាណាស្រួលៗភាគច្រើន។ មិនមែនចង់បន្ទោសគាត់ទេ។ ពេលខ្លះ គាត់ទទួលយកដែរក្នុងការដែលដាំ តែគ្រាន់ថា ភាគរយដែលទទួលយក វាមានកម្រិត»។
មន្ត្រីកសិកម្មរូបនេះបានបន្ថែមថា កន្លងមក មន្ទីរបានជួយកសិករជាអ្នកផលិតតាមរយៈសកម្មភាពមួយចំនួនដូចជា ជំនួយបច្ចេកទេសក្នុងការដាំដុះស្របតាមស្ដង់ដារទីផ្សារ កម្មវិធីជំនួបរវាងអ្នកបញ្ជាទិញ និងអ្នកផ្គត់ផ្គង់ ហើយមានការចងក្រងជាសហគមន៍អ្នកផលិត ដើម្បីងាយផ្តល់ព័ត៌មានជួយគ្នា ជាដើម។
កសិករជាអ្នកដាំបន្លែនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក អ៊ឹម សុភ័ក្រ បានអះអាងថា ត្បិតលោកពុំធ្លាប់ទៅជួបមន្ត្រីជំនាញមុនសម្រេចចិត្តដាំដំណាំ តែលោកព្យាយាមសិក្សាពីទីផ្សារតាមរយៈឈ្មួញកណ្ដាល និងកសិកររស់នៅក្នុងភូមិរួមគ្នា។ លោកទទួលស្គាល់ថា ការនិយមដាំបន្លែតាមទម្លាប់ និងកង្វះព័ត៌មានផ្នែកទីផ្សារពីមន្ត្រីជំនាញ ធ្វើឱ្យកសិករប្រឈមនឹងការខាតបង់ថវិកាចំណាយលើការដាំដុះ។
លោក អ៊ឹម សុភ័ក្រ បានបន្តថា៖ «បាទ! ព្រោះអីយើងជាកសិករ មិនសូវបានទំនាក់ទំនងខាងគាត់ (មន្ត្រីជំនាញផ្នែកកសិកម្ម) ដែរ។ ព័ត៌មាន (ព័ត៌មានអំពីតម្រូវការប្រភេទបន្លែនៅលើទីផ្សារ) ឥលូវវាមិនសូវបានទូលំទូលាយប៉ុន្មានទេ ចឹងវាមានការលំបាកដែរ»។
កសិករជាអ្នកដាំបន្លែនៅស្រុករតនមណ្ឌលមួយរូបទៀត លោក មាស លី បានលើកឡើងថា មន្ត្រីជំនាញពិតជាបានចុះជួយពន្យល់ពីបច្ចេកទេសដាំដុះដំណាំតាមតម្រូវការទីផ្សារជារឿយៗប្រាកដមែន តែការលក់ផលដំណាំក្រោយផលិតបាន លោកតែងផ្អែកលើព័ត៌មានពីឈ្មួញកណ្ដាល។
លោក មាស លី បានរៀបរាប់ថា៖ «(តើមានមន្ត្រីទីផ្សារ អាចកសិករទំនាក់ទំនងសួរអំពីតម្លៃបន្លែបានទេ?) អូ! មិនដែលមានផង មិនដែលប្រាប់តម្លៃផង។ អាហ្នឹងដឹងពីឈ្មួញទេ ឈ្មួញគេថា ទិញពីររយ គឺពីររយហើយ ឈ្មួញគេថា បីរយ គឺបីរយប៉ុណ្ណឹងឯង»។
ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាច្រំដែលរឿងដាំបន្លែ ហើយគ្មានទីផ្សារក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលគប្បីបញ្ជូនមន្ត្រីជំនាញផ្នែកទីផ្សារចុះធ្វើការជិតស្និទ្ធិជាមួយកសិករនៅតាមមូលដ្ឋាននាៗ។ លោកថា តាមការប៉ាន់ប្រមាណសម្រាប់បញ្ហាបន្លែ គឺត្រូវការមន្ត្រីជំនាញប្រមាណ៥០០នាក់ ដើម្បីធ្វើការនៅទូទាំងប្រទេស។
បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា៖ «ខ្ញុំធ្លាប់ធ្វើការជាមួយមន្ដ្រីកសិកម្មច្រើនដែរនៅតាមស្រុក គឺគាត់ខ្វះទាំងអស់ ទាំងសមត្ថភាព ទាំងធនធាន ទាំងថវិកា ហើយនិងការដឹកនាំលើកទឹកចិត្តក្នុងការធ្វើការផ្ទាល់ជាមួយកសិករ។ ដើម្បីដោះស្រាយបញ្ហាកសិកម្មនៅស្រុកខ្មែរ វាត្រូវការមានមន្ដ្រី គ្រូកសិកម្មល្អចុះធ្វើការគ្រប់ទីកន្លែងហ្នឹង។ យើងចំណាយពេលបណ្ដុះបណ្ដាលត្រឹមពីរបីឆ្នាំហ្នឹង វាគ្រប់គ្រាន់ហើយ ព្រោះមន្ត្រីរាជការយើងមានរាប់សែននាក់ ហើយយុវជនចប់ការសិក្សាមួយឆ្នាំៗ រាប់ម៉ឺននាក់»។
បញ្ហាបន្លែអត់ទីផ្សារបានធ្វើឱ្យកសិករ លោក អ៊ឹម សុភ័ក្រ រស់នៅក្នុងខេត្តបាត់ដំបង ប្រកាសចែកស្ពៃប្រមាណជាង១០តោន ដោយឥតគិតថ្លៃដល់សាធារណជនកាលពីពេលថ្មីៗនេះ៕
អត្ថបទ៖ VOD