សាលាបឋមសិក្សាវត្តបូព៌ ត្រូវបានគេទទួលស្គាល់ជាសាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា សាលានេះដែលមានទីតាំងស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប ទោះបីជាសាលាដែលមានកេរ្តិ៍ឈ្មោះសាយភាយភាពល្បីពេញទូទាំងប្រទេស
និងហៀរដល់ក្រៅប្រទេសពីគំរូសាលាបឋមសិក្សាមានវិន័យល្អ សណ្តាប់ធ្នាប់សិស្សល្អ គ្រូល្អ និងនាយកដឹកនាំល្អទៅហើយក្តី ក៏មិនទាន់បានបញ្ឈប់នូវក្តីប្រាថ្នារបស់លោកនាយកសាលារូបនេះនៅឡើយទេ ក្នុងការខិតខំរិះរកយុទ្ធសាស្ត្រ ឬគោលដៅ ដើម្បីកសាងកិត្តិសព្ទបន្តទៅអនាគតកាន់តែប្រសើរមុនលោកចូលនិវត្តន៍។
ជាក់ស្ដែងយោងតាមផេកហ្វេសប៊ុកលោកឃឹម ហ្វីណង់ ដែលលោកជាអភិបាលស្រុកបន្ទាយស្រី លោកបានបង្ហោះមួយចំនួនដែលជាសកម្មភាពរបស់សិស្សរៀននៅសាលាបឋមសិក្សាវត្តបូព៌ ដោយបានសរសេររៀបរាប់ថា “អច្ឆរិយភាពនៃសាលាបឋមសិក្សាវត្តបូព៌ សាលាគំរូនៃព្រះរាជាណាចក្រកម្ពុជា! ធ្លាប់តែឮកិត្តសព្ទរបស់សាលាបឋមសិក្សាវត្តបូព៌យូរហើយ ទើបតែពេលនេះបានមកឃើញផ្ទាល់ភ្នែក និងរៀនសូត្រពីកន្លែងដែលជោគជ័យគួរអោយស្ងើចសរសើរមួយនេះ។
មុនពេលណាត់ជួប លោកគ្រូ ពឹង គិមឆេន បានប្រាប់ខ្ញុំថា បើចង់នាំភ្ញៀវមកមើលសាលាលោកគ្រូ សុំអោយមកពីព្រលឹមម៉ោង៦:៤០នាទីព្រឹក ដើម្បីបានឃើញពីវិន័យសិស្សផង។ មិននឹកស្មានថា បានទទួលការធ្វើបដិសណ្ឋារកិច្ចដ៏គួរអោយភ្ញាក់ផ្អើលបែបនេះសោះ។ តែអ្វីដែលគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺភាពអស្ចារ្យនៃវិន័យដ៏ឥតខ្ជោះរបស់សិស្សទាំងនោះ(តាំងពីថ្នាក់មត្តេយ្យតូចៗរហូតដល់ថ្នាក់ទី៦) និងភាពជាអ្នកដឹកនាំប្រកបដោយភាពឆ្នៃប្រឌិតនិងម៉ត់ចត់ខ្ពស់បំផុតរបស់លោកគ្រូនាយក ស័ក្តិសមជាសាលាគំរូប្រចាំប្រទេសកម្ពុជា។
លោកគ្រូបានសួរខ្ញុំថា ថវិការដ្ឋរបស់សាលានេះមានទំហំប្រហាក់ប្រហែលគ្នានឹងសាលាដទៃទៀតដែរ ចុះហេតុអ្វីបានជាសាលានេះធ្វើបាន ហើយសាលាផ្សេងទៀតធ្វើមិនបាន? ខ្ញុំគិតថា ចម្លើយគឺស្ថិតនៅលើភាពឆ្នៃប្រឌិត សមត្ថភាពគៀងគរធនធានបន្ថែមពីខាងក្រៅ និងការជំរុញអោយមានការចូលរួម ដើម្បីសម្រេចចក្ខុវិស័យរបស់លោកនាយក។
ខ្ញុំពិតជាអរគុណលោកគ្រូចំពោះសំនួរនេះ ព្រោះវាជាសំនួរដែលបានបើកចំហការគិតរបស់ខ្ញុំ ផ្លាស់ប្តូរឥរិយាបទនិងការយល់ឃើញទៅលើទំហំមានកំណត់នៃថវិកាអភិវឌ្ឍន៍របស់ស្រុក និងរំលឹកពីតួនាទីរបស់ខ្ញុំជាអ្នកដឹកនាំស្ថាប័នមួយរូប ដែលទាមទារអោយមានភាពឆ្នៃប្រឌិត និងចេះគៀងគរការចូលរួម ដោយមិនពឹងផ្អែកតែទៅលើថវិកាដែលមាននៅក្នុងដៃ តែមួយមុខនោះទេ ៕
អត្ថបទ៖ kbn
សាលាបឋមសិក្សាវត្តបូព៌ សាលាគំរូប្រចាំប្រទេសកម្ពុជា ពិតជាលឺ១០០០ដង មិនស្មើឃើញផ្ទាល់ម្តងមែន។ ❤️???ដោយក្តីគោរពចំពោះលោកគ្រូនាយក ពឹង គិមឆេន
Posted by ឃឹម ហ្វីណង់ – Khim Finan on Saturday, December 28, 2019