លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចេញប្រតិកម្មជាមួយលោក រ៉ុង ឈុន និងលោក មាស នី យ៉ាងខ្លាំង ហើយបានហៅអ្នកទាំងពីរថា ជាបណ្ឌិតខួរក្បាលមួយចំហៀង ហើយប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីអ្នកទាំងពីរនោះ បានរិះគន់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថា មិនបានធ្វើអ្វីសោះសម្រាប់ប្រជាពលរដ្ឋ។
លោកពេជ្រស្រស់បានសរសេរនៅលើបណ្ដាញ facebook របស់ខ្លួននាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នេះថា “ខ្ញុំផ្ញើជូនលោកបណ្ឌិត មាស នី និងលោក រ៉ុង ឈុន ព្រមទាំងអ្នកងងឹតទាំងភ្នែកអាចមើលឃើញមួយចំនួនទៀត ដែលវាយតម្លៃ និងចោទសមាជិកក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា មិនបានធ្វើនូវអ្វីសោះជាពិសេស គឺមិនបានបម្រើប្រយោជន៍ប្រពលរដ្ឋ និងមិនបានដោះស្រាយនូវបញ្ហាដីធ្លី សុំអស់លោកបើកភ្នែកអានរបាយការណ៍របស់ប្រតិភូបក្សយុវជនថា តើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារត្រូវបានដោះស្រាយ និងមានចំនួនផ្ទៃដីប៉ុន្មានហិកតា ដែលពួកគាត់ទទួលបាននោះ។
ក្នុងន័យនេះ ខ្ញុំសុំស្នើដល់ក្រុមអស់លោកបណ្ឌិតមានខួរក្បាលមួយចំហៀង សុំបើកទ្វារខួរក្បាលមួយចំហៀងទៀត គឺដើម្បីបំពេញឲ្យគ្រប់ខួរក្បាលទាំងសងខាងផង ហើយខ្ញុំសុំបញ្ជាក់ផងថា “ពលរដ្ឋម្នាក់” ក៏ជាពលរដ្ឋខ្មែរយើងដែរ ចុះអស់លោកបើកភ្នែកមើលនៅក្នុងរបាយការណ៍បន្តិចមើលថាមានពលរដ្ឋប៉ុន្មានគ្រួសារទទួលបានដំណោះស្រាយនេះបើអស់លោកខ្ជិលអាន គឺខ្ញុំប្រាប់តែម្តងក្នុងរបាយការណ៍នេះមានពលរដ្ឋចំនួន ៣១១៣
គ្រួសារត្រូវបានដោះស្រាយជូនពួកគាត់ ចុះបើរាប់ជាចំនួននាក់វិញ ថាតើប៉ុន្មាននាក់ទទួលបានការដោះស្រាយពីប្រតិភូគណបក្សយុវជន ដូច្នេះគឺយើងយក៣១១៣គ្រួសារគុណនឹង៣នាក់ក្នុងមួយគ្រួសារយ៉ាងតិចស្មើ៩៣៣៩នាក់ឯណោះ តើពួកគាត់ទាំង៩៣៣៩នាក់មិនមែនជាពលរដ្ឋទេអស់លោកបណ្ឌិតពិការខួរក្បាលទាំងឡាយ….? ចំនួននេះមិនគិតចូលពីសកម្មភាពផ្សេងៗទៀតផង”។
លោក ពេជ្រ ស្រស់ បានអះអាងទៀតថា “ធ្វើជាបណ្ឌិតគួរធ្វើឲ្យក្មេងៗជំនាន់ក្រោយគោរពខ្លះផងកុំចង់តែផ្គាប់ចិត្តមនុស្សមួយក្រុមបោះបង់គុណធម៌ក្នុងខ្លួនឲ្យសោះពីព្រោះអស់លោកក៏មានថ្ងៃស្លាប់ដូចតែគ្នាទេ ហើយមុននឹងនិយាយគួរគិតដល់ជនកំពុងរងគ្រោះផង។
ចុងក្រោយ ខ្ញុំចង់ដាក់ការភ្នាល់ជាមួយ លោក បណ្ឌិត មាស នី និងលោក រ៉ុង ឈុន បើសិនជាការវិភាគរបស់អស់លោក អាចជួយដល់ បងប្អូន ជនរងគ្រោះដីធ្លីឲ្យទទួលបានដំណោះស្រាយពីរដ្ឋាភិបាលបាន និងជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនទៀតបានដូចជាការដណ្តើមដែនសមុទ្រពីពពួកទុច្ចរិត និងបញ្ហាផ្សេងទៀតបាន គឺខ្ញុំនឹងដើរចេញពីយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ព្រមទាំងរំលាយគណបក្សយុវជនកម្ពុជា ចោលតែម្តង ហើយខ្ញុំនឹងឈប់ប្រឡូកក្នុងឆាកនយោបាយអស់មួយជីវិត..។តើលោកទាំង២ហ៊ានភ្នាល់ជាមួយខ្ញុំដែរឬទេ? ខ្ញុំរង់ចាំទទួលការភ្នាល់ពីលោកទាំង២នាក់ គ្រប់ពេល..៕
អត្ថបទ៖ កម្ពុជាថ្មី