ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
យោងតាមប្រភពព័ត៌មានដែលកាសែតកម្ពុជាថ្មី ទទួលបានពីក្រសួងសាធារណការ និង ដឹកជញ្ជូន ប្រាប់ឲ្យដឹងថា យោងៈប្រកាសលេខ ៤១១ ប្រក.សក/គតលទ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩ ស្ដីពី ការកម្រិតកំណត់ទម្ងន់អតិបរមារបស់យានយន្ត ដែលធ្វើចរាចរណ៍លើបណ្ដាញផ្លូវជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួង សាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនក្រុមហ៊ុនដឹកជញ្ជូន និងអាជីវករប្រកបរបរដឹកជញ្ជូនទាំងអស់ ដែលមានរថយន្តប្រភេទភ្លៅ ៦ឡើងទៅ ដែលកំពុងធ្វើចរាចរណ៍លើផ្លូវថ្នល់ទូទាំងប្រទេសទាំងអស់ មេត្តាជ្រាបថា
ក្រុមការងារលេខាធិការដ្ឋានដឹកនាំត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់តាមបណ្ដាស្ថានីយថ្លឹងរថយន្តទូទាំងប្រទេស ក៏ដូចជា ក្រុមចល័តពិសេស អនុវត្តការងារខាងលើនេះ គឺ លេខាធិការដ្ឋាន នឹងចាប់ផ្ដើមអនុវត្តទៅតាមនីតិវិធីច្បាប់កម្រិតកំណត់ត្រឹមទម្ងន់សរុប៤០តោន ចំពោះរថយន្តសណ្ដោង និង ទម្ងន់សរុប៣៥តោន ចំពោះរថយន្តមិនមានសណ្ដោងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ នេះតទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួង សាធារណការ និងដឹកជញ្ជូន សូមបណ្ដាក្រុមហ៊ុនដឹកជញ្ជូន និងអាជីវករប្រកបរបរដឹកជញ្ជូនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ កុំដឹកលើសទម្ងន់ទាំងអស់គ្នា៕
អត្ថបទ៖ កម្ពុជាថ្មី