តុលាការក្រុងកាលពីថ្ងៃ៣១ធ្នូ ឆ្នាំ២០១៩ បានប្រកាសថា ង្វៀន ហ៊ូ ទីន អតីតអភិបាលរងក្រុងហូជីមីញ មានទោសចំពោះការរំលោភច្បាប់ស្តីពីការគ្រប់គ្រងនិងប្រើប្រាស់អចលនទ្រព្យរបស់រដ្ឋ។តុលាការបាននិយាយថា ការរំលោភច្បាប់នេះនាំអោយរដ្ឋខាតបង់ប្រាក់រាប់លានដុល្លារហើយង្វៀន ហ៊ូ ទីននឹងត្រូវជាប់គុក៧ឆ្នាំ។
ក្នុងករណីដដែល ដាវ អាញ់ គៀត អតីតប្រធាននាយកដ្ឋានប្រភពធនធានធម្មជាតិនិងបរិស្ថានក្រុង ត្រូវតុលាការសំរេចអោយជាប់គុក៦,៥ឆ្នាំ ។ទ្រឿង វ៉ាន់អ៊ុត អតីតអនុប្រធានក្រុមគ្របគ្រង់ដីធ្លីនៃនាយកដ្ឋាននេះ ត្រូវជាប់គុក៥ឆ្នាំ និងប្រធានការិយាល័យក្រុង២នាក់ទៀតម្នាក់ជាប់គុក៤និងម្នាក់ទៀត៣ឆ្នាំ។
ង្វៀន ហ៊ូ ទីន ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន តែលោកនិងគៀត ត្រូវបានបង្ខាំងខ្លួនអោយនៅក្នុងផ្ទះតាំងពី២ខែមុននោះម្ល៉េះ។
ការចាប់ខ្លួននិងស៊ើបអង្កេតលើមន្ត្រីក្រុងហូជីមីញនេះត្រូវបានធ្វើឡើងជាផ្នែកនៃការស៊ើបអង្កេតលើការលួចបន្លំដីរដ្ឋនៅក្នុងទីក្រុងភាគខាងត្បូងនេះ ដែលមានជាប់ទាក់ទងនឹងសេដ្ឋីជំនួញម្នាក់ឈ្មោះ ផាន វ៉ាន់ អាញ់ វូ។
ទីន ជាអភិបាលរងក្រុងចាប់ពីឆ្នាំ២០១១ដល់២០១៦ និងទទួលបន្ទុកការគ្រប់គ្រងដីធ្លីនិងបរិស្ថាន។នៅខែមិថុនា ឆ្នាំ២០១៥ លោកបានចុះហត្ថលេខាលើសេចក្តីសំរេចមួយដើម្បីផ្ទេរដីសាធារណៈមួយកន្លែងទៅអោយក្រុមហ៊ុនBac Nam 79 Company របស់វូ។
នៅកន្លះឆ្នាំក្រោយ ក្រុងបានអនុញ្ញាតអោយសង់អាគារកំពស់១៨ជាន់នៅទីនោះ និងលក់ដីខាងលើទៅអោយវូតែការស៊ើបអង្កេតបង្ហាញថាការលក់នេះរំលោភច្បាប់ ដោយសារលក់មិនឆ្លងកាត់ការដេញថ្លៃ។
បើតាមចម្លើយសារភាព លោកទីន បានចុះហត្ថលេខាលើសេចក្តីសំរេចចិត្តដោយផ្អែកលើសំណើរបស់លោកគៀតដែលជាប្រធាននាយកប្រភពធនធានធម្មជាតិនិងបរិស្ថានក្រុងនៅពេលនោះ។
ទីន និង គៀត ក៏បានស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះការជួលដី៦០០០ម៉ែត្រការ៉េ នៅទីតាំងល្អមួយកន្លែងក្នុងក្រុង ដោយគ្មានការដេញថ្លៃផងដែរ។
ការរំលោភបំពានរបស់ពួកគេបណ្តាលអោយរដ្ឋខាតបង់ប្រាក់៨០០ពាន់លានដុង(៣៤,៦លានដុល្លារ) នេះបើតាមក្រុមស៊ើបអង្កេតវាយតំលៃ។
ចំណែកសេដ្ឋីវូ ដែលធ្លាប់ជាអ្នកអភិវឌ្ឍន៍លេចធ្លោម្នាក់នៅទីក្រុងដាណាំង ត្រូវបានអាជ្ញាធរចេញដីកាចាប់ខ្លួនជាអន្តរជាតិកាលពីខែធ្នូឆ្នាំ២០១៧ ដោយសារតែបានទម្លាយការសម្ងាត់រដ្ឋនៅពេលលោកភៀសខ្លួនចេញពីប្រទេស។គាត់ ត្រូវបានចាប់ខ្លួននៅសិង្ហបុរី ចំពោះការរំលោភច្បាប់អន្តោប្រវេសន៍របស់ប្រទេសនេះនិងត្រូវបានបញ្ជូនខ្លួនមកវៀតណាម។
វូ ត្រូវបានកាត់ទោសអោយជាប់គុក៩ឆ្នាំកាលពីខែកក្កដាឆ្នាំមុនចំពោះការទម្លាយការសម្ងាត់រដ្ឋដោយចេតនា តែកាលពីខែតុលា ឆ្នាំ២០១៨តុលាការបានបន្ថយទោសលោកមកនៅជាប់គុក៨ឆ្នាំ។
អតីតអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ២រូប ក៏ត្រូវបានកាត់ទោសអោយជាប់គុកម្នាក់២ឆ្នាំកន្លះ និងម្នាក់៣ឆ្នាំចំពោះការធ្វេសប្រហែសក្នុងការគ្រប់គ្រងដីរដ្ឋ៕
អត្ថបទ៖ រស្មីកម្ពុជា