រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមកែលម្អគុណភាពនៃការផ្តល់សេវាដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់ក្រោមជាតិ ដើម្បីធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួលពិសេសបង្កើនចំណូលចូលថវិកាជាតិ។
ក្នុងឱកាសជួបពិភាក្សាការងាររវាងអភិបាលរាជធានីភ្នំពេញនិងក្រុមការងារអន្តរក្រសួងស្តីពីការចុះសិក្សាទម្រង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី ខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ ដែលនៅតាមការិយាល័យច្រកចេញចូលតែមួយ។
ឯកឧត្តម ប្រាក់ សំអឿន បានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញ ដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍គាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្ម និងសំណង់នៅថ្នាក់រាជធានីខេត្តនេះថា នឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្ត្រីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាង មុន ពោលគឺលឿនរហ័ស និងប្រកបដោយគុណភាព។
ឯកឧត្តម ឃួង ស្រេង បានអះអាងថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លាំងលើការមកទទួលសេវាផ្នែកដីធ្លីនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួនក្នុងការផ្តល់សេវាមិនបានទាន់ពេលវេលាផងដែរ ដោយ សារប្រជាពលរដ្ឋដែលជាអ្នកស្នើសុំដាក់ពាក្យពុំបានភ្ជាប់ជាមួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញ ហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើនដំណាក់កាល ឯកសារខ្លះក៏មានជាប់បណ្តឹង ឬខ្លះខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។
សូមបញ្ជាក់ថា ចាប់តាំងពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៧មកដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យច្រកចេញចូលតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង ៣១០០០សេវា ហើយទទួលបានទឹកប្រាក់ចូលថវិកាជាតិជាង ៤៧៤៤លានរៀល៕
អត្ថបទ៖ btv