“អតីតមន្ត្រីជាន់ខ្ពស់ និងសកម្មជនមួយចំនួនទៀតនៃអតីតគណបក្សសង្រ្គោះជាតិ(CNRP)បានសម្រេចបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សខ្មែរស្រលាញ់ជាតិ។ សេចក្ដីថ្លែងការណ៍ របស់អតីតមន្ត្រីនៃអតីតគណ បក្សសង្រ្គោះជាតិ ដែលផ្សព្វផ្សាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ ថា ការបង្កើតគណបក្សថ្មីនេះ ត្រូវបានធ្វើឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ សកម្មជនអតីតគណ បក្សសង្រ្គោះជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិមួយចំនួនទៀត។
សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ថា ការបង្កើតគណបក្សខ្មែរស្រលាញ់ជាតិនេះ មានគោលបំណងមួយចំនួនដូចជា៖បន្តគោលដៅស្មារតីសង្រ្គោះជាតិ។ បង្កើតវប្បធម៌នយោបាយថ្មី។ បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ។ ផ្សះផ្សារជាតិ(ខ្មែរតែមួយ)។ និងតស៊ូមតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យជាដើម។
ស្ថាបនិកបង្កើតគណបក្សថ្មីនេះរួមមាន៖លោកជីវ កត្តា អតីតមន្ត្រីជាន់ខ្ពស់អតីតបក្សសង្រ្គោះជាតិ។ លោកកង គឹមហាក់ អតីតមន្ត្រីនៃអតីតបក្សសង្រ្គោះជាតិ។ លោកស៊ឹម សុវណ្ណនី អតីតសមាជិកគណៈកម្មាធិការនា យកនៃអតីតបក្សសង្គ្រោះជាតិ។ លោកខឺយ ស៊ីនឿន អតីតបេក្ខជនតំណាងរាស្ត្រ នៃអតីតគណបក្សសង្រ្គោះជាតិជាដើម។
គិតមកដល់ពេលនេះ អតីតមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន បានបង្កើតគណបក្សចំនួន៣រួចមកហើយរួមមាន៖គណបក្សឆន្ទៈខ្មែរបង្កើតឡើងដោយលោកគង់ ម៉ូនីកា កូនប្រុសរបស់លោកគង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង។ រីឯអតីតមន្រ្ដីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិមួយរូបទៀត គឺលោករៀល ខេមរិន្រ្ទ ក៏បានបង្កើតគណបក្សថ្មីមួយដែរ គឺគណបក្សខ្មែរអភិរក្សនិយម។ និងចុងក្រោយនេះអតីតមន្ត្រី និងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សខ្មែរស្រលាញ់ជាតិ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបង្កើតគណបក្សនយោបាយ គឺជាសិទ្ធិនយោបាយរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លោកសុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាមអ្នកសារព័ត៌មាន នាថ្ងៃទី៣ ខែមករានេះ ថា គណបក្សប្រជាជនកម្ពុជាគាំទ្រ និងលើកទឹកចិត្តការអនុវត្តសិទ្ធិនយោបាយរបស់ពលរដ្ឋ និងត្រៀមខ្លួនដើម្បីប្រកួតប្រជែង ក្នុងទីលានប្រជាធិបតេយ្យកម្ពុជានាពេលខាងមុខ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានលើកឡើង ថា អ្នកដែលលាបពណ៌ អ្នកដែលបង្កើតបក្សនយោបាយថា ជាអាយ៉ងគណបក្សប្រជាជនកម្ពុជានោះ គឺជាការអ្នករំលោភសិទ្ធិនយោបាយរបស់អ្នកដទៃ និងជាអ្នកលាបពណ៌គេ៕
អត្ថបទ៖ វាយោ