ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ពាក្យស្លោក អរគុណសន្តិភាព ត្រូវបានផ្សព្វផ្សាយគ្រប់ទិសទី ជាពិសេសនៅតាមទីតាំងសំខាន់ៗ ទីសាធារណៈ ក៏ដូចជានៅតាមគ្រឹះស្ថានអប់រំ ដែលជាកន្លែងបណ្ដុះបណ្តាលធនធានមនុស្ស។
ពាក្យស្លោកអរគុណសន្តិភាព ដែលជាពាក្យសម្ដេច តេជោ ហ៊ុន សែន បានប្រើប្រាស់កាលពីថ្ងៃចុងឆ្នាំ ២០១៩កន្លងទៅនេះ បានរីកសុះសាយគ្រប់ទិសទី ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ក្នុងបណ្ដាញសង្គម និងបានបិទបង្ហាញនៅតាមមន្ទីរក្រសួង ទីសាធារណៈ និងតាមគ្រឹះស្ថានអប់រំ។
តាមសាកលវិទ្យាល័យ វិទ្យាល័យក្នុងរាជធានីភ្នំពេញ សុទ្ធតែមានបង្ហាញនូវពាក្យ អរគុណសន្តិភាព។ ជាក់ស្ដែងសម្រាប់វិទ្យាល័យ បឹងត្របែក ក៏បានបិទបង្ហាញ ពាក្យស្លោកនេះផងដែរ ដោយបិទបង្ហាញនៅចំពីមុខថ្លោងទ្វារចូលសាលាផ្ទាល់តែម្ដង។ សិស្សានុសិស្សកំពុងសិក្សានៅវិទ្យាល័យនេះ មើលឃើញនិងកំណត់ពាក្យ អរគុណសន្តិភាពនេះថា ជាការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នូវអ្វីៗគ្រប់យ៉ាងសម្រាប់ពួកគាត់ ជាពិសេសជួយឱ្យពួកគាត់រួចផុតពីភាពលំបាកគ្រប់យ៉ាងដែល ជំនាន់ឪពុកម្ដាយ យាយតាគាត់ធ្លាប់ជួបប្រទះ។ ទន្ទឹមនឹងសន្តិភាពនេះ ពួកគាត់ក៏ដឹងច្បាស់ថា ក្នុងនាមជាយុវជន ជាអ្នកបន្តវេនដែលត្រូវបន្តថែរក្សាសន្តិភាពនេះ។
ក្រៅពីបិទពាក្យស្លោក អរគុណសន្តិភាព ក៏ឃើញថាមានការបង្ហោះសារ “ អរគុណសន្តិភាព”ដោយភ្ជាប់ជាមួយ រូបភាព សប្បាយៗ ការជួបជុំគ្រួសារ បងប្អូន ការរីកចំរើនរបស់ជាតិ ព្រឹត្តិការណ៍សំខាន់របស់ជាតិជាដើម ដោយសបញ្ជាក់ឃើញថា សកម្មភាពរឺសមិទ្ធផលទាំងនោះទទួលបានគឺ ដោយសារសុខសន្តិភាព ដែលរាជរដ្ឋាភិបាលបាននាំមកជូនប្រជាពលរដ្ឋ និងព្យាយាមថែរក្សាមកដល់សព្វថ្ងៃ៕
អត្ថបទ៖ btv