លោក Maszlee Malik រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី បានជូនដំណឹងទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ សុំលាលែងពីតំណែង ក្រោយធ្វើកំណែទម្រង់ប្រព័ន្ធអប់រំរបស់លោកត្រូវបរាជ័យ ហើយការលាលែងពីតំណែងនេះ នឹងចូលជាធរមានចាប់ពីថ្ងៃនេះទៅ។
ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយថា លោក Maszlee Malik រដ្ឋមន្ត្រីអប់រំម៉ាឡេស៊ី រងការរិះគន់ជាច្រើនរឿងកំណែទម្រង់វិស័យអប់រំ ដែលលោកបានដាក់ចេញ ត្រូវបរាជ័យក្នុងការពង្រឹងបទដ្ឋានអប់រំ ។
សូមបញ្ជាក់ថា បញ្ហាកំណែទម្រង់ប្រព័ន្ធអប់រំម៉ាឡេស៊ី ក្នុងខែកញ្ញា ឆ្នាំ២០១៨ លោក Maszlee បានយល់ព្រមទទួលយកការតែងតាំងជានាយកនៃសកលវិទ្យាល័យឥស្លាមអន្តរជាតិរបស់ម៉ាឡេស៊ី ទោះបីជាសម្ព័ន្ធភាពនយោបាយរបស់លោក មហាធៀ សន្យាស្តារសេរីភាពផ្នែកអប់រំក្នុងកម្រិតឧត្តមសិក្សា។ ក្រោយមក លោកបានលាលែងពីតួនាទីនេះក្នុងខែវិច្ឆកា ឆ្នាំដដែល ក្រោយរងការជំទាស់ខ្លាំងៗពីក្រុមនិស្សិត និងអ្នកនយោបាយ។
ក្រោយការប្រកាសដើរចេញពីតំណែងជារដ្ឋមន្ត្រីអប់រំ លោកនាយករដ្ឋមន្ត្រី មហាធៀ បានអរគុណដល់លោក Maszlee សម្រាប់កិច្ចប្រឹងប្រែងរបស់លោកជូនដល់ប្រទេសជាតិ ហើយលោកនឹងជ្រើសរើសអ្នកជំនួសលោក Maszlee ក្នុងពេឆាប់ៗខាងមុខនេះ ៕
អត្ថបទ៖ KBN