លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យក្រសួង ឬស្ថាប័នរដ្ឋទូទាំងប្រទេសដាក់បង្ហាញពាក្យស្លោក «អរគុណសន្តិភាព» នៅតាមទីតាំងស្ថាប័នរៀងៗខ្លួន ហើយថាពាក្យស្លោកនេះមិនមានខ្លឹមសារប្រឆាំងនឹងអ្នកណាទេ ប៉ុន្តែដើម្បីជាការស្រឡាញ់ និងការពារសន្តិភាពប៉ុណ្ណោះ។
លោកសរសេរលើទំព័រហ្វេសប៊ុករបស់លោកពីម្សិលមិញថា៖ «សូមអរគុណបងប្អូនជនរួមជាតិដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំគឺ «អរគុណ សន្តិភាព» ដែលខ្ញុំយល់ថាវាមានតម្លៃមិនសាបសូន្យមិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ»។
លោកបន្តថា «មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព។ អរគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព។ អរគុណសន្តិភាព!»។
យោងតាមសារជាសំឡេងរបស់នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឲ្យមានការដាក់ពាក្យស្លោកនេះនៅតាមសាលារៀន និងស្ថាប័នរដ្ឋនៅទូទាំងប្រទេស។ លោកបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបានដូចសព្វថ្ងៃគឺដោយសារសន្តិភាព ដូច្នេះរដ្ឋមន្ត្រីតាមស្ថាប័ន និងអាជ្ញាធរខេត្តគ្រប់ខេត្តត្រូវដឹកនាំចលនានេះដោយគោលដៅគឺធានាបាននូវសន្តិភាពដើម្បីចៀសបានការប្រមាថពីអ្នកដទៃ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ឆ្នាំថ្មីនេះយើងគួរមានចលនាមួយគ្របដណ្ដប់ទូទាំងប្រទេសតែម្ដង ហើយខ្លឹមសារនោះគ្មានប្រឆាំងជាមួយអ្នកណាទេ ប្រើពាក្យ «អរគុណសន្តិភាព» យើងសរសេរនៅកន្លែងធ្វើការ។ សូម្បីតែនៅខ្លោងទ្វារក៏អាចសរសេរបានដែរ។ គឺបំផុសចលនាអរគុណសន្តិភាព ដើម្បីយកភាសានេះជាភាសាគន្លឹះដែលត្រូវឲ្យទាំងអស់គ្នាស្រឡាញ់សន្តិភាព ហើយការពារសន្តិភាព» ៕
អត្ថបទ៖ kbn