មន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃបានថ្លែងថា ជនជាតិចិនដែលបានចាកចេញពីកម្ពុជាជាង៤០ម៉ឺននាក់នៅឆ្នាំ២០១៩មិនដោយសារ តែការបិទល្បែងអនឡាញនៅកម្ពុជានោះទេ តែវាពាក់ព័ន្ធនឹងរដូវកាលទេសចរណ៍មានការឡើងចុះផងដែរ។ ជាមួយការចាកចេញនេះក៏មានជនជាតិចិនប្រមាណ ជាង ៣២ ម៉ឺននាក់បានចូលមកកម្ពុជាវិញផងដែរ.
លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់បណ្តាញព័ត៌មាននៅក្នុងស្រុកថា គិតត្រឹមរយៈពេល៥ ខែគឺចាប់ ពីខែសីហាដល់ធ្នូឆ្នាំ២០១៩មានជនជាតិចិនជាង៤០ម៉ឺននាក់បានចាកចេញកម្ពុជា។ លោក កែវ វណ្ណថន បានឲ្យដឹងទៀតថា ដ្បិតជនជាតិចិនបានចាកចេញពីកម្ពុជា ប៉ុន្តែក៏មានជនជាតិចិនចូលមកកម្ពុជាវិញជាង៣២ម៉ឺននាក់ដែរ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ចំនួនជនជាតិចិន ដែលចូលមកវិនិយោគរកស៊ីនិងធ្វើការនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើនខុសពីធម្មតា។ ជនជាតិចិនដែលបានចូលមកកម្ពុជាភាគច្រើនបានជួលដី ជួលផ្ទះ ជួលខុនដូ សម្រាប់ស្នាក់នៅ និងសម្រាប់បើកអាជីវកម្មផ្សេងៗ។ជនជាតិចិនមួយចំនួនទៀត ក៏បានវិនិយោគលើគម្រោងផ្សេងៗមានសណ្ឋាគា ខុនដូ និងវីឡាជាដើម។ នេះគឺជាការសហការគ្នារកស៊ីនិងវិនិយោគរវាងភាគីជនជាតិចិននិងប្រជាជនកម្ពុជាដែល ជាម្ចាស់ប្រទេស។ ក៏ប៉ុន្តែចាប់ពីខែសីហាឆ្នាំ២០១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបិទល្បែងអនឡាញមកជនជាតិចិនដ៏ច្រើនកុះករបានចាកចេញពីកម្ពុជា។
គួរកត់សំគាល់ថាការចាកចេញរបស់ជនជាតិចិនពីប្រទេសកម្ពុជាកើនឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទល្បែងអនឡាញកាលពីថ្ងៃទី១៨ ខែសីហា។ សារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលបានបញ្ជាឲ្យអាជ្ញាធរបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត ដែលគ្មានអាជ្ញាប័ណ្ណនិងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ដូច្នេះរាជរដ្ឋាភិបាលបានសម្រេចបញ្ឈប់ការផ្តល់គោលការណ៍និងអាជ្ញាប័ណ្ណឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកនិងអនឡាញទាំងក្នុងស្រុកនិងក្រៅប្រទេស។ សារាចរណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរថា៖ «ពួកឧក្រិដ្ឋជនបរទេសមួយចំនួនបានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គម»។ សម្ដេច ហ៊ុន សែន បានបន្ថែមថា អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធត្រូវតែអនុវត្តឲ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធ ភាពលើបញ្ហានេះ។
នៅក្នុងឱកាសបើកពិធីបុណ្យសមុទ្រកាលពីថ្ងៃទី ២១ធ្នូ នៅខេត្តកំពតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ៖«មនុស្សមួយចំនួនព្រួយបារម្ភ អំពីបញ្ហាបាត់អនឡាញនៅពេលដែលមានអនឡាញនាំគ្នាព្រួយបារម្ភអំពីវត្តមានជនជាតិចិននៅកម្ពុជា។ នៅពេលដែលយើងបិទអនឡាញគេព្រួយបារម្ភអំពីការ បាត់ជនជាតិចិនពីកម្ពុជា។ តើអ្នកចង់បានអ្វីពិតប្រាកដ?
សម្រាប់ខ្ញុំសង្កេតឃើញថាបើសេដ្ឋកិច្ចកម្ពុជាពឹងពាក់ទៅលើអនឡាញកម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះ សម្រាប់បញ្ហាសន្តិសុខជាតិរបស់ខ្លួន។ យើងស្ថិតនៅក្រោមការគំរាមគំហែងនៃក្រុមម៉ាហ្វីយ៉ាដែលជ្រៀតចូលមកក្នុងប្រទេសរបស់យើងដើម្បីធ្វើសកម្មភាព។ យើង ក៏ស្ថិតនៅក្នុងស្ថានភាពដែលនឹងក្លាយទៅជាប្រទេសនៃគោលដៅលាងលុយកខ្វក់តាមរយៈអនឡាញ ។ យើងនឹងបាត់បង់នូវសុវត្ថិភាពអ្នកជំនួយធំៗអ្នករកស៊ីធំៗ ដែលជាអ្នកមានប្រាក់កាសមិនហ៊ានចូលមកកម្ពុជាដោយសារខ្លាចពួកក្រុមម៉ាហ្វីយ៉ា ។ អ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ ។
យើងសុខចិត្តមិនមានអនឡាញក៏ប៉ុន្តែ យើងច្បាស់ជានាំមកនូវសន្តិភាពនិងសន្តិសុខ ហើយយើងនាំមកនូវអ្នកវិនិយោគដែលសុចរិត និងអ្នកវិនិយោគដែលមានប្រាក់កាសមករស់នៅកម្ពុជា។ ផ្ទុយទៅវិញ បើវត្តមានអនឡាញបន្តកម្ពុជានឹងក្លាយទៅជាអ្នករងគ្រោះហើយរងគ្រោះមុនគេសន្តិសុខរបស់យើងតែម្តង។ បន្ទាប់ទៅនឹងក្លាយជាគោលដៅនៃការលាងលុយកខ្វក់ ដែលនៅលើពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងព្រមទាំងភេរវកម្មហិរញ្ញប្បទានសម្រាប់ភេរវកម្មដែលជាចំណុចគ្រោះថ្នាក់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ៖«អ្នកខ្លះលើកឡើងថាវិស័យអចលនទ្រព្យមានការថយចុះ សំណង់មានការថយចុះ ។ ខ្ញុំចង់សួរថាតើសំណង់ នៅក្នុងប្រទេសកម្ពុជាបម្រើឱ្យតែអនឡាញឬប្រសិនបើសំណង់នៅកម្ពុជាគ្រាន់តែបម្រើឱ្យអនឡាញសេដ្ឋកិច្ចកម្ពុជាពិតជាពឹងពាក់ទៅលើអនឡាញនោះគឺជាគ្រោះ ថ្នាក់នៃសេដ្ឋកិច្ចពពុះសាប៊ូមិនគួរធ្វើបែបនេះទេ»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចាក់ផងដែរថានៅសល់តែប៉ុន្មានថ្ងៃទៀតអនឡាញនឹងត្រូវបញ្ចប់នៅកម្ពុជាហើយព្រោះសារាចរណ៍ដែលខ្ញុំបាន ដាក់ចេញ។ មិនចេញអាជ្ញាប័ណ្ណបន្ថែមទៀតទេឬពន្យាពេលទៀតទេ។ ពុំមានវត្តមានអនឡាញនៅកម្ពុជាបន្ថែមទៀតទេ។ ប្រទេសណាចង់ធ្វើក៏ធ្វើទៅ។ ប៉ុន្តែ ប្រទេសកម្ពុជាមិនធ្វើអនឡាញទេ។
សម្តេចតេជោបន្តថា មុននឹងធ្វើការសម្រេចចិត្តយើងបានពិនិត្យដិតដល់ហើយថាតើសេដ្ឋកិច្ចរបស់យើងមានកំណើនមកពីអ្វីមិនមែនកំណើនមកពីអនឡាញទេ ។ ខ្ញុំទទួលស្គាល់ថា ប្រជាពលរដ្ឋមួយចំនួនបានទទួលផលពីអនឡាញតាមរយៈការជួលផ្ទះឲ្យគេធ្វើអនឡាញ ជួលផ្ទះឲ្យបុគ្គលិកដែលធ្វើការអំពីអនឡាញក៏ប៉ុន្តែនោះ គ្រាន់តែជាក្រុមតូចមួយនៃការទទួលផល។ ឥឡូវដីធ្លីនៅតែជាដីធ្លីរបស់យើងកែច្នៃទៅជាអ្វីដែលជាមុខរបរសមស្របរបស់យើងតទៅទៀតហើយក៏មិនចាំបាច់ពឹងពាក់ទៅលើសេដ្ឋកិច្ចអនឡាញនោះទេ។
បច្ចុប្បន្នកម្ពុជាមានកាស៊ីណូ២១៨ កន្លែងដែលបានចុះបញ្ជីខណៈកាស៊ីណូត្រឹមតែ ១៤០ កន្លែងប៉ុណ្ណោះបានដំណើរការ។ បើតាមការប៉ាន់ប្រមាណរបស់លោក រស់ ភីរុណ អគ្គនាយករងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថានៅឆ្នាំ២០២០នេះចំនួនកាស៊ីណូនឹងធ្លាក់ចុះសល់ត្រឹម៩០កន្លែងប៉ុណ្ណោះដោយសារការបញ្ឈប់អាជីវកម្មល្បែងអនឡាញ។ បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូ ១០៨ កន្លែងខេត្តបន្ទាយមានជ័យមាន ២៥ កាស៊ីណូ ខេត្តស្វាយរៀងមានកាស៊ីណូចំនួន ១៨ និងនៅភ្នំពេញមាន១កន្លែង។
លោក រស់ ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងបានថ្លែងថា ក្រសួងបានព្យាករណ៍ថា ៨០ ភាគរយនៃកាស៊ីណូទាំង ១៣៦ នៅកម្ពុជានឹងត្រូវបិទទ្វារ ។ លោកបន្តថា៖«មានកាស៊ីណូជាង ៣០ ត្រូវបានបិទហើយ នៅមានច្រើនទៀតនឹងធ្វើការបិទទ្វារនាពេលខាងមុខ ។ ពួកគេត្រូវបានបង្ខំឲ្យបិទពីព្រោះពួកគេកំពុងបាត់បង់ប្រាក់ចំណូល[ដោយសារការហាមឃាត់]។ យើងជឿជាក់ថានៅឆ្នាំ ២០២០ កាស៊ីណូធំ ៗមួយចំនួននឹងត្រូវបិទទ្វារផងដែរ។»
លោកបន្តថា កាស៊ីណូមួយចំនួនដែលមិនបើកលេងល្បែងតាមអ៊ីនធឺណេតនៅតែត្រូវបានបិទពីព្រោះចំនួនអតិថិជនបានធ្លាក់ចុះ។ ពួកគេបានវិនិយោគក្នុងទឹកប្រាក់ជាច្រើន ប៉ុន្តែឥឡូវនេះពួកគេទទួលបានប្រាក់ចំណូលតិចជាងមុន។ ពួកគេមិនអាចផ្គត់ផ្គង់ចំនួនកម្មករដ៏ច្រើនដែលបានធ្វើការឲ្យពួកគេទេ។ ចូលចិត្តឬក៏អត់ គឺដោយសារតែឥទ្ធិពលនៃការហាមឃាត់ការលេងល្បែងតាមអ៊ីនធឺណិត។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ល្បែងអនឡាញក្នុងកាស៊ីណូទាំង ៧៣ កន្លែងនៅខេត្តព្រះសីហនុត្រូវបានបិទទាំងស្រុងត្រឹមថ្ងៃទី១ មករា ឆ្នាំ២០២០ ហើយនៅរយៈពេលមុននេះម្ចាស់កាស៊ីណូសម្រេចបិទល្បែងអនឡាញដោយខ្លួនឯង ២៧ កន្លែង នៅសល់ជាង ៣០កន្លែងទៀតគឺគេបានចូលរួមប្រជុំណែនាំហើយម្ចាស់កាស៊ីណូក៏ប្រជុំនៅរាជធានីភ្នំពេញជាមួយអគ្គស្នងការនគរបាលជាតិរួមទាំងចេញលិខិតជូនដំណឹងផងដែរ ។ មកដល់ថ្ងៃនេះម្ចាស់កាស៊ីណូទាំង អស់បានបិទល្បែងអនឡាញតាមពេលកំណត់ហើយ។ នៅថ្ងៃទី១ ខែមករានេះកម្លាំងសមត្ថកិច្ចចាប់ផ្តើមចុះត្រួតពិនិត្យលើករណីនេះបន្ថែមនៅតាមកាស៊ីណូ។
សូមបញ្ជាក់ថា ជនជាតិចិនដែលត្រូវបណ្តេញចេញពីកម្ពុជាក្នុងឆ្នាំ ២០១៩ មានជាង ៩២៦ នាក់បើធៀបនឹងឆ្នាំ ២០១៨ ថយចុះ ២៤ នាក់ស្មើនឹង២.៥៣ភាគរយ។ ជនជាតិចិនដែលត្រូវបណ្ដេញទាំងនោះភាគច្រើនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍(Telecom Fraud) បើកល្បែងអនឡាញខុសច្បាប់ និងបទល្មើសសេដ្ឋកិច្ចជាដើម។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ៕
អត្ថបទ៖ កម្ពុជាថ្មី