ក្រុមអ្នកអេកូឡូស៊ី បរិស្ថានប្រចាំសាកលវិទ្យាល័យ Sydney បានប្រាប់សារព័ត៌មានក្នុងស្រុកអូស្ត្រាលី News.com.au ដូច្នេះថា តាមការប៉ាន់ស្មានថនិកសត្វ បក្សី និងសត្វល្មូនប្រមាណ ៤៨០ លានក្បាលបានងា ប់នៅក្នុងភ្លើងឆេះព្រៃ ដែលកំពុងបន្តឆាប់ឆេះយ៉ាងសន្ធោសន្ធៅជុំវិញអូស្ត្រាលី ចាប់តាំងពីកញ្ញា ឆ្នាំ២០១៩ មក។ យោងតាមការចុះផ្សាយសារព័ត៌មាន Independent សត្វ ៨ ពាន់ក្បាល ដែលជឿថាបានងា ប់ក្នុងចំណោមនោះគឺ សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas) ។
គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២០ ភ្លើងជាង ១៣០ ចំណុច កំពុងឆាបឆេះក្នុងរដ្ឋ New South Wales និង Victoria ។ ភ្លើងដ៏សាហាវនេះ បានបំផ្លិចបំផ្លាញដីប្រមាណ ៩,៩ លានហិកតា នៅជុំវិញរដ្ឋចំនួន៥របស់អូស្ត្រាលី។ យ៉ាងតិចណាស់ មនុស្ស ១៨នាក់បានស្លា ប់ ក្នុងគ្រោះភ្លើងឆេះព្រៃនេះ ហើយផ្ទះសំបែងប្រមាណ ១៤០០ បានឆេះខ្ទេចខ្ទី។ តាមប្រភពព័ត៌មានក្នុងស្រុកដដែល សត្វដែលរស់នៅក្នុងតំបន់ទាំងនោះ គឺរួមមាន សត្វខ្លាឃ្មុំអូស្ត្រាលី (Koalas), សត្វកង់ហ្គូរូ , សត្វ Possum, សត្វ Wombat និងសត្វ Echidnas ។
រដ្ឋមន្ត្រីបរិស្ថានអូស្ត្រាលី អ្នកស្រី Sussan Leyប្រាប់សារព័ត៌មានអូស្ត្រាលី ABC នៅថ្ងៃសុក្រ ទី៣ ខែមករា អ្នកស្រី បានបញ្ជាក់ថាសត្វខ្លាឃ្មុំអូស្ត្រាលី (Koalas) ដល់ ៣០ ភាគរយ ក្នុងរដ្ឋ New South Wale ត្រូវបានសម្លាប់ព្រោះភ្លើងឆេះព្រៃនេះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី កាលពីថ្ងៃពុធសប្តាហ៍នេះ បានដាក់ពង្រាយនាវា និងយន្តហោះយោធា ដើម្បីប្រមូលផ្តុំមនុស្សឲ្យនៅជុំគ្នា, នាំយកទឹក អាហារ និងប្រេងឥន្ធនៈទៅកាន់ក្រុងដែលខ្វះការផ្គត់ផ្គង់ហើយផ្លូវត្រូវបានកាត់ផ្ដាច់ព្រោះភ្លើងជាដើម ៕
អត្ថបទ៖ kbn