នៅថ្ងៃទី៥ខែមករាឆ្នាំ២០២០ មួយរយៈនេះគេសង្កេតឃើញថាទឹកដីប៉ុស្តិ៍ស្ទឹងមានជ័យទី១ មានករណីលួចឆក់ប្លន់ជាញឹកញាប់ណាស់។ ជាក់ស្តែងករណីចោរលួចកាច់ករម៉ូតូមួយគ្រឿងបានសម្រេចនៅក្នុងផ្ទះជួលមួយកន្លែង ចំណុចផ្ទះជួលលេខ៨៩Aផ្លូវ២៧១ ស្ថិតក្នុងភូមិទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ម៉ូតូមួយគ្រឿងដែលបាត់នោះ ម៉ាក GPX Demon 150GRពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1HS-8198 ម្ចាស់ឈ្មោះ ឆឺយ វិច្ឆកា ភេទប្រុសអាយុ២០ឆ្នាំសិស្សនិស្សិតសាលាIFLភាសាជប៉ុនមករៀននៅភ្នំភេញ មកពីខេត្តព្រៃវែងស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ។
នេះបើតាមម្ចាស់ម៉ូតូបានប្រាប់ថា គាត់ស្នាក់នៅបន្ទប់ជួលជាន់ទីពីរលុះព្រឹកឡើងបានចុះមកយកម៉ូតូទៅរៀនស្រាប់តែមិនឃើញម៉ូតូក៏ផ្អើលឆោឡោប្រាប់អ្នកជិតខាង ហើយបានឆែកកាមេរ៉ាសុវត្តិភាពរបស់ផ្ទះជួលទើបបានដឹងថាម៉ូតូត្រូវបានចោរលួចកាច់ករយកទៅបាត់ពិតប្រាកដមែន។ ក្រោយបានឃើញមុខសញ្ញាចោរលួចច្បាស់ហើយត្រូវបានគេស្គាល់ថាជាមុខសញ្ញាចាស់ត្រូវជាកូនប្រុសយាយលក់បាយនៅក្បែរផ្ទះជួល នេះឯង ។
បន្ទាប់មកបានប្រញ៉ាប់ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ នៅម៉ោងប្រហែលជាង១០ព្រឹកថ្ងៃដដែល។ លុះពេលទៅដល់ប៉ុស្តិ៍ក៏មិនបានជួបមេប៉ុស្តិ៍ទេបានជួបតែប៉ូលិសប្រចាំការពីរបីនាក់។ប៉ូលិសទទួលពាក្យបណ្តឹងនិយាយថាថ្ងៃនេះ ជាថ្ងៃសម្រាកអត់ធ្វើការទេចាំស្អែកហើយអ្នកលួចក៏ប៉ូលិសស្គាល់ហើយជាមុខសញ្ញាចាស់ឥឡូវវាអត់នៅផ្ទះទេពេលវាមកវិញចាំហៅវាមកសួរអ្នកឯងទៅវិញសិនចុះ។
លោក ម៉ៅ សាវឿន មេប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១បានប្រាប់ឱ្យដឹងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី៥ខែមករាថា ”លោកទើបតែបានទទួលពាក្យបណ្តឹង ហើយលោកកំពុងតែដាក់សំណើទៅអធិការខណ្ឌ ដើម្បីចុះស្រាវជាវហើយ។ សារព័ត៌មានកុំទាន់ចុះផ្សាយនាំតែផ្អើលដល់ជនសង្ស័យទេ ព្រោះខាងប៉ូលិសគេកំពុងតែធ្វើការ”។
ក្រោយមកក៏មានព័ត៌មានមួយចុះផ្សាយក្រោមចំណងជើងថា « ភ្ញាក់ពីដេកចោរលួចកាច់កបាត់ម៉ូតូ រត់ទៅប្តឹង ប៉ូលិសថា អត់ធ្វើការទេឈប់សម្រាកចាំស្អែក នៅខណ្ឌមានជ័យ » លោក ម៉ៅ សាវឿននាយនគរបាលប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១ ក៏បានអះអាងថា” គ្មាននគរបាលណាម្នាក់និយាយថាថ្ងៃអាទិត្យឈប់សម្រាក់ចាំស្អែកចាំមកដាក់ពាក្យបណ្ដឹងទេឱ្យតែប្រជាពលរដ្ឋមកប្ដឹងសមត្ថកិច្ចនិងទទួល ភ្លាមៗ ហើយដាក់កម្លាំងឱ្យចុះស្រាវជ្រាវ”៕
អត្ថបទ៖ អរិយធម៌