នៅពេលនេះ បណ្តឹងតវ៉ាប្រឆាំងនឹងលទ្ធផលប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ បានធ្លាក់ដល់ដៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយ តាមរយៈឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ មកពីគណបក្សខ្មែរក្រោក ។
លោក សុខសុវណ្ណ វឌ្ឍានាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ថ្លែងនៅថ្ងៃទី៦ ខែមករា នេះ ថា ក្រោយទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងភាពមិនប្រក្រតីលើនីតិវិធីរៀបចំការប្រឡងប្រជែងសិស្សចៅក្រម ដែលត្រូវបានបេក្ខជនប្ដឹងថា ជាការប្រឡងដោយខ្វះតម្លាភាពនោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានបើកការស្រាវជ្រាវ និង រកឃើញភាពមិនប្រក្រតីផ្ទួនៗមួយចំនួនថែមទៀតលើនីតិវិធីប្រឡងផ្ទៃក្នុងជ្រើសរើសចៅក្រម និង ព្រះរាជអាជ្ញា។
លោក អះអាងថា ពាក់ព័ន្ធនឹងករណីនេះ លោកបានរៀបចំរបាយការណ៍ដោយភ្ជាប់ជាមួយភស្តុតាងនានា ដាក់ជូនសម្ដេចតេជោ រួចហើយ នៅថ្ងៃទី៦ ខែមករា នេះ ។
ជាមួយគ្នានេះ លោកក៏បានដាក់លិខិតសុំការអនុញ្ញាតពីសម្ដេចតេជោ ដើម្បីអញ្ជើញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មកបំភ្លឺបញ្ហានេះ រួមទាំងបញ្ហាផ្សេងៗក្រោមសមត្ថកិច្ចរបស់ក្រសួងយុត្តិធម៌ផងដែរ ។ ជំហររបស់លោក គឺ មិនថារឿងនេះធ្វើទៅប៉ះអ្វីក៏ដាច់ខាតត្រូវតែធ្វើ ដើម្បីជំរុញការកំណែទម្រង់លប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បន្តថា ពលរដ្ឋជឿជាក់លើច្បាប់ម្ដេចនឹងបាន បើអ្នកកាន់ច្បាប់ អ្នកចោទ អ្នកកាត់ក្ដី កើតចេញពីការប្រឡងមិនតម្លាភាព មិនសុច្ចរិតភាពផងនោះ ។
សូមបញ្ជាក់ថា សេចក្តីប្រកាសព័ត៌មាន របស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា ដើម្បីបង្ហាញនូវតម្លាភាព ភាពត្រឹមត្រូវនិងជំនឿទុកចិត្ត ក្នុងការអនុវត្តគោលការណ៍សម្រាប់ដំណាក់កាលនីមួយៗនៃការប្រឡង គឺ មានការចូលរួមសង្កេតការណ៍យ៉ាងពេញលេញ និង ដោយសកម្មពីអង្គភាពប្រឆាំងអំពើពុករលួយ ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថារាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការសូមវាយតម្លៃខ្ពស់សម្រាប់ការខិតខំប្រឹងប្រែងរបស់បេក្ខជនទាំងអស់ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ និង សូមលើកទឹកចិត្តចំពោះបេក្ខជនដែលមិនបានទទួលជ័យលាភីលើការប្រឡងប្រជែងលើកនេះ អោយបន្តខិតខំប្រឹងប្រែងចូលរួមប្រឡងប្រជែង នាឱកាសសម័យប្រឡងក្រោយៗទៀត ៕
អត្ថបទ៖ cpcnews