យោងតាមគណនីលោកផែង វណ្ណៈ បានលើកឡើងថា ៖ លោកស្រី Kim Deborah ជនជាតិកូរ៉េខាងត្បូងសញ្ជាតិ អូស្ត្រាលី បានមកជួបខ្ញុំអោយជួយរកយុត្តិធម៌ជូនប្ដីរបស់លោកស្រីឈ្មោះ Chan Martin King Wai ចិនហុងកុង សញ្ជាតិអូស្ត្រាលី ដែលត្រូវបានតុលាការខេត្តកណ្ដាលចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុត ។លោកស្រី Kim Deborah បានរៀបរាប់ថា ប្ដីលោកស្រី បានមកប្រទេសកម្ពុជា ៧ ឆ្នាំហេីយដេីម្បីធ្វេីការនៅអង្គការជួយកុមារកម្ពុជា នៅ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
នៅឆ្នាំ ២០១៥ អង្គការរបស់ប្ដីលោកស្រី មានគម្រោងសាងសង់សាលារៀនមួយក្នុងទឹកប្រាក់ ២៩០០០០០ ដុល្លារ ដោយបានធ្វេីកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនសំណង់ឈ្មោះ ភី អេច វី ដែលមានលោក ដន ខាំផែង និង លោកស្រី ជឹម វណ្ណ ជាតំណាង ។ បន្ទាប់ពីចុះកិច្ចសន្យារួចហេីយ នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ ក្រុមហ៊ុន ភីអេច វី បានចាប់ផ្ដេីមដំណេីរការសាងសង់ និងបានបេីកប្រាក់ជាបន្តបន្ទាប់ពីអង្គការដែលលោក Chan Martin គ្រប់គ្រង សរុបចំនួន ១១២៥១៤ ដុល្លារ ។
លុះដល់ខែ កុម្ភៈ ឆ្នាំ ២០១៦ ខាងអង្គការខ្វះមូលនិធិសំរាប់បន្តការសាងសង់ ក៏បានធ្វើលិខិតមួយជូនទៅក្រុមហ៊ុនសំណង់ ភី អេច វី ដេីម្បីបញ្ចប់កិច្ចសន្យាសាងសង់ ។ តែខាងក្រុមហ៊ុនសំណង់ ភី អេច វី មិនព្រមក៏បានប្ដឹងផ្ដល់គ្នាទៅ មជ្ឈមណ្ឌលជាតិ នៃ មជ្ឈតការផ្នែកពាណិជ្ជកម្ម ។
បន្ទាប់ពីមានរឿងក្ដីតតាំងគ្នាតាមផ្លូវច្បាប់ មជ្ឈមណ្ឌលជាតិ នៃ មជ្ឈតការផ្នែកពាណិជ្ជកម្ម, សាលាឧទ្ធរណ៍ និង តុលាការកំពូល បានសម្រេចអោយលោក Chan Martin ឈ្នះក្ដី និងបានបញ្ចប់រឿងក្ដីនេះចប់សព្វគ្រប់អស់ហេីយ ។
ស្រាប់តែនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមហ៊ុន ភី អេច វី តំណាងដោយលោក ដន ខាំផែង សេីរេីរឿងយកមកប្ដឹងតុលាការខេត្តកណ្ដាលជារឿងព្រហ្មទណ្ឌ ទៅវិញ ហេីយតុលាការខេត្តកណ្ដាល បានចាប់ខ្លួនលោក Chan Martin យកមកដាក់គុករហូតមកដល់បច្ចុប្បន្ន ។
អ្នកច្បាប់ជាច្រើនបានលេីកជាចម្ងល់ថា ករណី វិវាទ រវាង អង្គការរបស់លោក Chan Martin និង ក្រុមហ៊ុនសំណង់ ភី អេច វី ជាវិវាទកិច្ចសន្យា មិនមែនជារឿង ព្រហ្មទណ្ឌទេ ហេីយ មជ្ឈមណ្ឌលជាតិ នៃមជ្ឈតការផ្នែកពាណិជ្ជកម្ម , សាលាឧទ្ធរណ៍ និង តុលាការកំពូល ក៏សម្រេចចប់សព្វគ្រប់អស់ហេីយ ។ ការលេីកយករឿងដដែលនេះមកប្ដឹងរឿងព្រហ្មទណ្ឌមិនត្រឹមត្រូវទេ ។
ដោយមេីលឃេីញអំពេីអយុត្តិធម៌ដែល តុលាការខេត្តកណ្ដាល បានធ្វើមកលេីប្ដីលោកស្រី លោកស្រី Kim Deborah បានសំណូមពរអោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ មេត្តាពិនិត្យមើលករណីនេះផង ។ជនបរទេសខំមកជួយកុមារកម្ពុជា ទីបំផុត តុលាការខេត្តកណ្ដាលចាប់ដាក់គុកយ៉ាងអយុត្តិធម៌បំផុត ។