សសរថ្មធម្មជាតិជាច្រើនដែលពលរដ្ឋអ្នកដើរព្រៃប្រទះឃើញដោយចៃដន្យបានល្បីសុះសាយលឺដល់ឈ្មួញឱកាសនិយមជាសមត្ថកិច្ចយោធាទៀតផង បានឃុ បឃិ តគ្នាជី កកកាយដឹកយកទៅលក់នៅប្រទេសវៀតណាមបានប្រាក់រាប់ពាន់ដុល្លារ មើលឃើញលុយជាធំមិនគិតដល់តំលៃនៃធនធានធម្មជាតិដែលដូនតាខ្មែរខំថែរក្សាទុកឲ្យនោះទេ បែរជានាំគ្នាបំផ្លាញទៅវិញ ។
បើតាម លោក គ្រើង តុលា សកម្មជនព្រៃឈើនៅឃុំប៊ូស្រាបានថ្លែងថា កាលពីសប្ដាហ៍មុន លោកនិងពលរដ្ឋមួយចំនួនទៀតបានសហការជាមួយប៉ូលិសប៉ុស្ដិ៍ឃុំប៊ូស្រាចំនួន ៣ នាក់ចុះទៅដល់ទីតាំងចំណុចអូរស្រាក្នុងភូមិឡាំម៉េះ ស្រុកពេជ្រាដា បន្ទាប់ពីអ្នកភូមិរាយការណ៍ថា ទីតាំងនោះកំពុងមានទាហានខ្មែរ និងជនជាតិវៀតណាមធ្វើសកម្មភាពគាស់កាយយកសសរថ្មធម្មជាតិ ដើម្បីដឹកទៅលក់នៅប្រទេសវៀតណាម។ សសរថ្មធម្មជាតិនោះមានមុខកាត់ចាប់ពី ៤០ ទៅ ៦០ សង់ទីម៉ែត្រ និងប្រវែងចាប់ពីរ ២ ទៅដល់ ៤ ម៉ែត្រ។
លោកបន្តថា នៅទីតាំងនោះមានសសរថ្មរាប់ពាន់ដើមដែលពលរដ្ឋជឿជាក់ថា មានអាយុកាលរាប់រយពាន់ឆ្នាំដែលស្ថិតនៅចម្ងាយពីផ្ទះរបស់ប្រជាពលរដ្ឋប្រហែល ១០ គីឡូម៉ែត្រ និងពីប្រទេសវៀតណាមប្រហែល ៤០ គីឡូ។ លោកបញ្ជាក់ថា ក្នុងសសរ ១ ដើមត្រូវបានគេថ្លឹងលក់ និងមានតម្លៃរាប់ពាន់ដុល្លារ នៅពេលដឹកទៅលក់នៅប្រទេសវៀតណាមដោយគេយកទៅធ្វើជារបស់លម្អសម្រាប់ដាក់តាំងនៅក្នុងផ្ទះ។
សកម្មជនព្រៃឈើរូបនេះបន្តថា ទាហានចំនួន ៣ នាក់ដែលសហការជាមួយជនជាតិ វៀតណាម ដើម្បីលួចយកសសរថ្មពីខ្មែរទៅលក់នៅប្រទេសវៀតណាម គឺជាទាហានមកពីមូលដ្ឋានកងទ័ព គ ១ ប្រចាំនៅស្រុកពេជ្រាដា។ សសរថ្មទាំងនេះគឺជាសម្បត្តិរបស់ជាតិដែលមានតម្លៃស្មើនឹងសម្បត្តិធនធានធម្មជាតិផ្សេងៗទៀត ដូចជាព្រៃឈើ និងរ៉ែជាដើម។
លោកថ្លែងថា «ខ្ញុំគិតថាអ្វីដែលគួរធ្វើ គឺរក្សាអ្វីដែលជាសម្បត្តិដូនតា និងសម្បត្តិរបស់ជាតិយើង គឺជារឿងត្រឹមត្រូវ ហើយបើយើងយកទៅលក់ឱ្យគេ វាក្លាយជាសម្បត្តិរបស់គេ។ អ៊ីចឹងខ្ញុំមានការសោកស្ដាយ ហើយខ្ញុំសំណូមពរឱ្យអាជ្ញាធរ និងថ្នាក់ដឹកនាំកំពូលៗដែលមានប្រាក់ខែហើយ គួរស្ងប់ហើយក្នុងនាមជាកងទ័ពមានកាតព្វកិច្ចស្នេហាជាតិត្រូវចេះស្រឡាញ់ជាតិ»។
ជាមួយគ្នានេះ លោក លន់ គឹមហេង មេប៉ុស្ដិ៍ឃុំប៊ូស្រានិយាយដែរថា ពិតជាមានជនជាតិវៀតណាមចូលមកគាស់សសរថ្មទាំងនោះក្នុងមូលដ្ឋានរបស់លោកមែន ដោយមានការសហការជាមួយទាហ៊ានខ្មែរ។ លោកបន្តថា សសរថ្មទាំងនោះត្រូវបានគេដឹងតៗគ្នាថាបានដុះឡើងដោយខ្លួនឯងនៅតាមចង្កេះភ្នំប៉ុន្តែមើលទៅប្រៀបដូចជាត្រូវបានគេលើកបន្តុបលើគ្នា ដែលហាក់ដូចជាទីតាំងរបស់ប្រាសាទដែរ មិនគួណាមានខ្មែរយើងមួយក្ដាប់តូចចូលរួមជាមួយជនបរទេសបំផ្លិចបំផ្លាញបែបនេះសោះ ធន់ធានបែបនេះបើនៅប្រទេសគេវិញគេអាចរកចំណូលពីទេសចរណ៍បានច្រើនណាស់៕
អត្ថបទ៖ PN