ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យម្ចាស់យានយន្ដដែលផុតកំណត់ឆៀកទាំងអស់ ត្រូវរួសរាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ ដើម្បីចៀសវាងការពិន័យ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ក្រសួងសាធារណការ នៅថ្ងៃទី១៤ ខែមករា បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ ក្រសួងត្រៀមបញ្ចូនរថយន្តឆៀកចល័តចុះតាមបណ្តាខេត្ត មានដូចជា កំពង់ធំ ស្វាយរៀង កំពត កែប តាកែវ ប៉ៃលិន ព្រៃវែង ពោធិសាត់ មណ្ឌលគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ ស្ទឹងត្រែង ត្បូងឃ្មុំ និងកោះកុង ដើម្បីអាចឱ្យម្ចាស់រថយន្តទាំងអស់ យកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេក នៅទីតាំងដែលជិតបំផុត តាមកាលកំណត់ និងទាន់ពេលវេលា។
យោងតាមក្រសួងសាធារណការ បានឱ្យដឹងថា នេះជាការបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា បច្ចុប្បន្នមានមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលវិនិយោគដោយក្រុមហ៊ុនឯកជនសរុប១៥កន្លែង នៅក្នុងនោះ រាជធានីភ្នំពេញមានទីតាំងផ្សេងៗគ្នាចំនួន៥ន្លែង ដូចជានៅសាខាប្ញស្សីកែវ សាខាចំការដូង សាខាបឹងបៃតង សាខាបឹងស្នោរ និងសាខាជ្រោយចង្វារផ្លូវជាតិលេខ៦A និងតាមបណ្តាខេត្តមានដូចជា បាត់ដំបង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ រតនគិរី និងព្រះវិហារ៕
អត្ថបទ៖ clicknews